ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់បន្ទាប់ពីមានភ្លើងនិងផ្សែងឆេះចេញពីផ្ទះគ្រូថ្នាំខ្មែរ នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ មុំ សុងហេង ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរគ្រូថ្នាំខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ។
ចំពោះសម្ភារដែលខូចខាតមានដូចជាទូទឹកកកចំនួន០១ គ្រឿងម៉ាស៊ីនត្រជាក់ចំនួន ០១ គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត។ ចំណែកមនុស្សមិនមានរងរបួសនោះទេ។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ថាមានករណីអគ្គិភ័យឆេះផ្ទះអ្នកភូមិភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតចំនួន១០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង សហការជាមួយកម្លាំងនគរបាលចុះអន្តរាគមន៍បាញ់ពន្លត់រហូតដល់គ្រប់គ្រងស្ថានការណ៍បាន ដោយអគ្គិភ័យត្រូវបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃដដែល។
ខណៈសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្តផងដែរ៕
ដោយ៖ សុថាន