ភ្នំពេញ៖ បើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា៖ ប្រទេសចិន នៅតែបន្តឈរលេខរៀងទី១ មានទំហំពាណិជ្ជកម្មធំជាងគេ បន្ទាប់ពីអាមេរិក មានចំនួនជាង ៧ពាន់លានដុល្លារ វៀតណាម ៤.៧ពាន់លានដុល្លារ ថៃ ២.៨ពាន់លានដុល្លារ និងជប៉ុន សម្រេចបាន ១.៣ពាន់លានដុល្លារ។
របាយការណ៍ដដែលបន្តថា ចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មជាង ៩ ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៩ខែ ចាប់ពីខែមករា ដល់កញ្ញា ឆ្នាំ២០២៣នេះ ពោលគឺកើនឡើង ៣.៤ភាគរយ បើធៀនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២២ មានចំនួន ៨.៧ ពាន់លានដុល្លារ។
សូមជម្រាបថា ចំពោះផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា ទៅកាន់ប្រទេសចិន រួមមាន៖ សម្លៀកបំពាក់ គ្រឿងចក្រ និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារិម កៅស៊ូ ផ្លែឈើ បន្លែ គុជ ប្រដាប់ក្មេងលេង និងវាយនភណ្ឌ។ ចំណែកទំនិញនាំពីចិនមកវិញ មានដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ គ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម ក្រដាស និងក្រដាសកាតុងជាដើម។
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានហុចផលជាច្រើនសម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងការនាំចេញទំនិញ ដោយលើកលែងពន្ធ។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា កាលពីឆ្នាំ ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនសរុប ១១ ៦៨៦,១៦៤ លានដុល្លារ កើនឡើង ៤,៤ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជា នាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ ១៧,៩ ភាគរយ និងទំនិញនាំចូលពីចិន មាន ចំនួន ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ ភាគរយ។
គួរបញ្ជាក់ថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕
ដោយ៖ សហការី