យោធាកូរ៉េខាងត្បូងបាននិយាយថា ការវាយប្រហាររបស់ក្រុមហាម៉ាស់លើអុីស្រាអែល ប្រហែលជាបានប្រើប្រាស់គ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងធំ១២២មិលី្លម៉ែត្រ ដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង។
យោងតាមកាសែត Wall Street Journal ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 17 ខែតុលា ដោយផ្អែកលើរូបភាពប្រព័ន្ធផ្សព្វផ្សាយ និងវីដេអូនៃការវាយប្រហាររបស់ក្រុមហាម៉ាស់ យោធាកូរ៉េខាងត្បូងបាននិយាយថា ពួកគេជឿថា កងកម្លាំងឧទ្ទាមប៉ាឡេស្ទីនកំពុងគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប ហើយបានប្រើប្រាស់អាវុធជាច្រើនប្រភេទរបស់កូរ៉េខាងជើង។
កន្លងមក អ្នកជំនាញខាងយោធាបានបង្ហើបឱ្យដឹងថា រូបថតពីជម្លោះបង្ហាញថា ក្រុមឧទ្ទាមហាម៉ាស់ ប្រហែលជាកំពុងប្រើប្រាស់អាវុធកូរ៉េខាងជើង រួមទាំងគ្រាប់បែក គ្រាប់រ៉ុក្កែត F-7 ផងដែរ។
លោក Bruce Bechtol សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Angelo State ក្នុងរដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) ដែលបានធ្វើការស្រាវជ្រាវលើកិច្ចព្រមព្រៀងសព្វាវុធរបស់កូរ៉េខាងជើង បាននិយាយថា មានរបាយការណ៍ពីក្រុមហាម៉ាស់បានប្រើប្រាស់គ្រាប់រ៉ុក្កែត F-7 ជាច្រើនឆ្នាំមកហើយ។ លោកបាននិយាយថា “នេះអាចជាប្រភពផ្គត់ផ្គង់ថ្មី ឬពីការដឹកជញ្ជូនពីមុនឆ្នាំ 2009។ អាវុធអាចទៅដល់ក្រុមហាម៉ាស់តាមរយៈផ្លូវប្រយោលពីកូរ៉េខាងជើង តាមរយៈអុីរ៉ង់ឬស៊ីរី” ។
ក្នុងឆ្នាំ២០០៩ រដ្ឋាភិបាលថៃបានបញ្ឈប់ការដឹកជញ្ជូនមីស៊ីល១២២មីល្លីម៉ែត្រពីកូរ៉េខាងជើងទៅប្រទេសអុីរ៉ង់ ។ បច្ចុប្បន្នអុីស្រាអែលសង្ស័យថាអាវុធទាំងនេះត្រូវបានផ្ទេរទៅឱ្យក្រុមហាម៉ាស់ និងហេសបូឡាហ៍ តាមរយៈអុីរ៉ង់។
កាលពីថ្ងៃទី១៣ ខែតុលា ទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់ថា ក្រុមហាម៉ាស់បានប្រើប្រាស់អាវុធរបស់កូរ៉េខាងជើងក្នុងការវាយប្រហារប្រឆាំងនឹងអុីស្រាអែល។ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានហៅការអះអាងអំពីអាវុធរបស់ប្រទេសនេះដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ថា “ពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាននិងក្លែងក្លាយ”៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)