ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់​ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​នៅព្រឹកថ្ងៃពុធទី​១៨​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ថា​ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ​ឱ្យបានល្អប្រសើរ​ លោកបានណែនាំ និងបទបញ្ជាឱ្យនគរបាលការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត កាលពីយប់មិញនេះ​ បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង។ 

ក្នុងប្រតិបត្តិការនោះ​កម្លាំង​ជំនាញ​ បាន​អនុវត្ត​សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែច្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួន។ 

ជាមួយគ្នានោះ​ លោកស្នងការ​ខេត្ត​ ក៏បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​សូម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់គ្នា​ ដេីម្បី​កាត់បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖ សហការី​


ចែករំលែក៖