ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារនីតិកម្មក្រសួង ជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារនីតិកម្មក្រសួង ជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំដោយលោកបណ្ឌិត ស៊ា ម៉ៅ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់។ 

ក្នុងកិច្ចប្រជុំនេះដែរ​ ដើម្បីពិភាក្សា និងស្នើសុំយោបល់ពាក់ព័ន្ធនឹងការកែសម្រួល និងការរៀបចំច្បាប់ និងបទដ្ឋានគតិយុត្ត ទាក់ទងនឹងវិស័យសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជាក់ស្តែងរបស់ប្រទេសជាតិ ដែលកិច្ចពិភាក្សានេះ ប្រព្រឹត្តិទៅនៅសាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

គួររម្លឹកថា​ លោក​ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​កាលពីពេលថ្មីៗនេះ​ បានថ្លែងថា​ អ្នកសារព័ត៌មានត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងជៀសវាងក្នុងការផ្សាយព័ត៌មានដែលមិនពិតដែលធ្វើឱ្យមានការភាន់ច្រឡំ ។ 

លោក​រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា  បច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡាញជាច្រើនដែលមានទាន់មានច្បាប់ត្រឹមត្រូវ មិនគោរពច្បាប់របស់សារព័ត៌មាន ដែលធ្វើឱ្យមានព័ត៌មានមួយចំនួនមិនពិត មិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននៅព័ត៌មានមិនត្រឹមត្រូវ ធ្វើឱ្យបំពុលសង្គម។ លោករដ្ឋមន្រ្តី បន្ថែមថា ក្រសួងព័ត៌មាន នឹងពង្រឹងច្បាប់ និងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ព្រោះបច្ចុប្បន្នមានអ្នកសារព័ត៌មានអនឡានច្រើនដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។ 

លោករដ្ឋមន្ត្រី បានបន្តថា ដូចនេះ ក្រសួងព័ត៌មាននឹងធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន ដើម្បីឱ្យស្របទៅនឹងការវិវត្តជារួម, ពិនិត្យមើលទៅលើច្បាប់ផ្សេងទៀតដែលជាមូលដ្ឋានគ្រឹះនៃការការពារផលប្រយោជន៍នៅក្នុងវិស័យព័ត៌មាន, ពិនិត្យលិខិតបទដ្ឋានមួយចំនួនដែលមិនទាន់បានធ្វើ, តាមដាននិងពិនិត្យរកព័ត៌មានក្លែងក្លាយ និងធ្វើកិច្ចសហប្រតិបត្តិការជាពិសេសនឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មានដែលគ្មានច្បាប់ត្រឹមត្រូវ ដើម្បីកាត់បន្ថយព័ត៌មានមិនពិត។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា​ ដូចនេះអ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងឱ្យមានប្រភពច្បាស់លាស់ ព្រោះការផ្សាយព័ត៌មានពិតវានឹងក្លាយជាអាវក្រោះការពារអ្នកសារព័ត៌មានពីទណ្ឌកម្មផ្លូវច្បាប់ ហើយក៏ជា ការរក្សាតម្លៃថ្លៃថ្នូរក្នុងនាមជាអ្នកសារព័ត៌មានផងដែរ៕

ដោយ​៖ សហការី​


ចែករំលែក៖