ខេត្តមណ្ឌលគិរី៖ អ្នកប្រព្រឹត្តបទល្មើសមិនរងចាំ សងទូទាត់ជាតិក្រោយទេ កុកភ្លេចជុង បើជុងមិនភ្លេចកុកទេ ! ជាក់ស្តែង ករណីទន្ទ្រានដីព្រៃរបស់រដ្ឋ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីឆ្នាំ២០២០ ដែលមានជនសង្ស័យជាច្រើននាក់ជាប់ពាក់ព័ន្ធនិងត្រូវចាប់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ ជនសង្ស័យម្នាក់ទៀតជាប់ពាក់ព័ន្ធក្នុងករណីខាងលើ ត្រូវ នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនបាននៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងចូលរួមដោយកម្លាំងអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចុះថ្ងៃទី១៤.កក្កដា.២០២១ របស់ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង ខេត្តក្រចេះ លើឈ្មោះ សារឿនម៉ាប់ ហៅម៉ាប់ប៊ូស្រា ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ ទីកន្លែង កំណើត នៅភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ពីបទ៖ កាប់គាស់រុករានដីព្រៃ ឆ្កាព្រៃ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើកម្មសិទ្ធិ។
ក្រោយការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបានធ្វើកំណត់ហេតុ អនុវត្តដីកា និង ធ្វើកំណត់ហេតុ ប្រគល់ ទទួល ជនសង្ស័យទៅឱ្យខាងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញ៉ូងសែនជ័យ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ។
គួរម្លឹកដែរថា តាមសាលក្រមព្រហ្មទណ្ឌកំបាំងមុខលេខ២៥២១ ខ ចុះថ្ងៃទី១៤ កក្កដា ២០២១ របស់ សាលាដំបូងខេត្តក្រចេះ ប្រកាសផ្តន្ទាទោស ឈ្មោះ សារឿន ម៉ាប់ ហៅម៉ាប់ប៊ូស្រា ដាក់ពន្ធនាគារ កំណត់ ៥ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៦០ (ហុកសិប)លានរៀល ពីបទ៖ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ ប្រព្រឹត្តនៅចំណុចភ្នំរហាំង ភូមិពួឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០។
បទល្មើសព្រហ្មទណ្ឌដែលត្រូវផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ និងមាត្រា៥៦ ចំណុច៤ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ បានគាំទ្រចំពោះចំណាត់ការនេះ និងមេត្តាបន្តស្រាវជ្រាវជនពាក់ព័ន្ធ ករណីទន្ទ្រានដីព្រៃរបស់រដ្ឋ កាប់គាស់រុនរានដីព្រៃ ឆ្ការព្រៃ និងឈូសឆាយដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី អោយអស់ ដើម្បីធ្វើអោយសង្គមមួយដ៏ស្អាតស្អំ ៕
ដោយ ៖ សហការី