ខ្សែប្រយុទ្ធប្រេស៊ីល និងកំពុងលេងនៅក្លិប Al-Hilal កីឡាករ Neymar នឹងធ្វើការវះកាត់ បន្ទាប់ពីបានដាច់សរសៃពួរផ្នែកខាងមុខ និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ អំឡុងពេលបំពេញកាតព្វកិច្ចអន្តរជាតិ។
កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានសែងចេញពីទីលានប្រកួតទាំងទឹកភ្នែកអំឡុងពេលប្រកួតចាញ់ក្រុមអ៊ុយរ៉ាយហ្គាយ ២–០ កាលពីថ្ងៃអង្គារកន្លងទៅ។កីឡាកររូបនេះមានឈ្មោះក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២៦ឲ្យក្រុមជម្រើសជាតិ នៅទីក្រុង Montevideo។ វាមិនច្បាស់ថា Neymar នឹងត្រូវអវត្តមានរយៈពេលប៉ុន្មាននោះទេ។
ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednaldo Rodrigues បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រេស៊ីល និងបាល់ទាត់ពិភពលោកត្រូវការ Neymar មានសុខភាពល្អ និងជាសះស្បើយឡើងវិញ ពីព្រោះបាល់ទាត់កាន់តែរីករាយនៅពេលគាត់នៅលើទីលាន” ។
កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ប្រេស៊ីលដែលបានផ្លាស់ទៅក្លិបអារ៉ាប៊ីសាអ៊ូឌីតនៅរដូវក្តៅក្រោយពីចាកចេញពី Paris St-Germain បានជួបបញ្ហារបួសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គាត់ត្រូវបានអវត្តមានអស់រយៈពេលជាច្រើនខែនៃពីររដូវកាលចុងក្រោយរបស់គាត់ជាមួយ PSG ដោយសារតែរបួសកជើងខុសៗគ្នា ហើយគាត់ក៏បានខកខានការប្រកួត World Cup ចំនួនពីរប្រកួតនៅប្រទេសកាតាកាលពីឆ្នាំមុន បន្ទាប់ពីគាត់បានរងរបួសក្នុងការប្រកួតបើកឆាករបស់ប្រេស៊ីលទល់នឹងស៊ែប៊ី។
នៅឯការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល កីឡាករវ័យ២២ឆ្នាំរូបនេះបានបាក់ឆ្អឹងស្មងរបស់គាត់បន្ទាប់ពីការប្រជែងយកបាល់ដោយកីឡាករ Juan Zuniga ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី។ ប្រេស៊ីលបានឈ្នះការប្រកួតនោះ ប៉ុន្តែ Neymar ត្រូវបានរងរបួស និងខកខានសម្រាប់ការប្រកួតដែលនៅសល់ ដោយប្រទេសរបស់គាត់បានបន្តចាញ់អាល្លឺម៉ង់ ៧–១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)