ភ្នំពេញ៖ នៅទីបំផុតភាពយន្តខ្នាតធំរឿង «សង្សារ ១៤ ថ្ងៃ» នឹងបង្ហាញមុខនៅលើរោងកុនជាផ្លូវការនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជា ។ ភាពយន្តនេះ ត្រូវបានដកស្រង់ចេញពីរឿងប្រលោមលោកដ៏ល្បីដែលមានចំណងជើងដូចគ្នា ចេញពីស្នាដៃនិពន្ធរបស់ អ្នកនិពន្ធឆ្នើម សុខ ចាន់ផល ដោយបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ រហូតមានការរំពឹងថា ស្នាដៃភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនមិនចាញ់ស្នាដៃប្រលោមលោកនោះឡើយ។
ការប្រកាសនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែតុលានេះនៅរោងភាពយន្ត មេជ័រផ្សារទំនើបអ៊ីអន១ក្រោមវត្តមានចូលរួមពីផលិតករ អ្នកនិពន្ធ និងសិល្បករជាច្រើនចូលរួម។ អតីតអ្នកនីពន្ធទំនុកច្រៀងប្រចាំផលិតកម្មហង្សមាស និងជាអ្នកនិពន្ធរឿងនេះលោក សុខ ចាន់ផលបានឲ្យដឹងថា ដំណើរការនៃការសរសេរប្រលោមលោក ត្រូវចំណាយពេលច្រើនជាង ដោយសារត្រូវលម្អិតសាច់រឿងយ៉ាងស៊ីជម្រៅ ពោលគឺអ្នកនិពន្ធចាយពេលដល់ទៅកន្លះឆ្នាំ ខណៈដែលក្រុមការងារក៏ត្រូវចាយពេលថតយូរខែដែរ ដើម្បីធ្វើយ៉ាងណា ធានាបាននូវគុណភាព និងបញ្ជាក់សាច់រឿងទៅតាមលំដាប់លំដោយ មិនឲ្យអ្នកទស្សនាពិបាកយល់នោះទេ ដែលនេះគឺជាការដឹកនាំដោយលោក បាន ឌីម៉ង់ និងផលិតដោយផលិតកម្ម ឥន្ទ្រិយហ្វីម។ លោកបានបញ្ជាក់ថាបើទោះបីជាភាពយន្តមនោសញ្ចេតនា មិនមែនជាភាពយន្តដែលពេញនិយមខ្លាំងដូចភាពយន្តបែបរន្ធត់ ក៏លោកនៅតែដាក់ក្តីរំពឹងខ្ពស់ សូម្បីលោកជាអ្នកនិពន្ធបានដឹងសាច់រឿងហើយចូលទស្សនាភាពយន្តនេះនៅក្នុងរោងហាក់ទទួលបានអារម្មណ៍ប្លែកពីការអានសៀវភៅផងដែរ។
ភាពយន្តខា្នតធំ នេះចូលរួមសម្ដែងដោយ កញ្ញា ស៊ឹម ស្រីនិច្ច លោក ហូ សារៈ លោក សាន់នី លោក លី សុខណេត និងតារាសម្ដែងជាច្រើនរូបទៀត។ តួឯកស្រីក្នុងភាពយន្តនេះកញ្ញា ស៊ឹម ស្រីនិច្ច ហ៊ានដាក់ក្តីរំពឹងថាជាភាពយន្តដែលបង្កប់ដោយទស្សនៈអប់រំច្រើន សូម្បីនាងសម្តែងក្នុងភាពយន្តនេះក៏ទទួលបានអារម្មណ៍ពិសេសដែរ។ នាងលើកឡើងថាភាពយន្តនេះផ្តល់ភាពរឹងមាំច្រើនសម្រាប់មនុស្សស្រីដើរលើវិថីជីវិតមួយដ៏ច្បាស់លាស់។ នាងរំពឹងដែរថាភាពយន្តនេះនឹងទទួលបានការពេញចិត្តច្រើនមិនចាញ់ស្នាដៃដែលបានចងក្រងជាសៀវភៅរបស់អ្នកនិពន្ធឆ្នើមនៅកម្ពុជាឡើយ៕
ដោយ ៖ វឌ្ឍនា