ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះខួបកំណើត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយដើម្បីជាចំណងដៃក្នុងថ្ងៃដ៏ពិសេសនេះ សម្តេច បានអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្តោះអាសន្នស្ពានកោះនរា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ ជាថ្ងៃខួបចម្រើនជន្មាយុសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ហើយដើម្បីជាចំណងដៃក្នុងថ្ងៃដ៏ពិសេសនេះ សម្តេចធិបតីបានអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរជាបណ្តោះអាសន្នស្ពានកោះនរាដើម្បីកាត់បន្ថយការកកស្ទះចរាចរ ចាប់ថ្ងៃនេះតទៅ។ ក្នុងនោះតាមស្ថាប័នរដ្ឋ ឯកជន ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ។ល។ បានគោរពផ្ញើសារជូនពរ ដែលមានខ្លឹមសារថា៖ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងបុត្រ។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ សម្តេចមហាបវរធិបតី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញ ក្នុងការការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាពជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

ស្ថិតក្នុងឱកាសដ៏មហោឡារិក ប្រកបដោយក្តីសោមនស្សរីករាយនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហា​បវរធិបតី និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិមាតុភូមិដ៏បវរនៃយើង និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖