ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីស្តីទីលោក នេត សាវឿន ចាប់អារម្មណ៍ខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នៅសណ្ឋាគារសូហ្វីតែល រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីស្តីទីលោក នេត សាវឿន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការពិការភាព និងបានសន្យាថានឹងជួយជំរុញវិស័យពិការភាពឱ្យកាន់តែរីកចម្រើន នាឱកាសទស្សនាស្តង់ពិព័ណ៌របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានជម្រាបជូននាយករដ្ឋមន្ត្រីស្តីទីលោក នេត សាវឿន ថាវិស័យពិការភាពមាន ការរីកចម្រើនខ្លាំងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្តេចមហាបវរសេនាធិបតី ហ៊ុន ម៉ាណែត ដែលតែង តែយកចិត្តទុកដាក់ដល់ជនមានពិការភាពនៅកម្ពុជា។  

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានជម្រាបជូននាយករដ្ឋមន្ត្រីស្តីទីលោក នេត សាវឿន ទៀតថា លោករដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន តែងបានគិតគូរពីសុខមានលភាពជនមានពិការភាពជានិច្ច។

ថ្លែងក្នុងពិធីបិទសន្និសីទសកលលោកលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាពថាលោក នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានថ្លែងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ ក្នុងនោះ ២% សម្រាប់វិស័យរដ្ឋ និង ១% សម្រាប់វិស័យឯកជន ដោយគិតត្រឹមបច្ចុប្បន្ន ស្ថិតិមន្ត្រីរាជការដែលមានពិការភាពនៅស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ (ស្រី ២៣%) បំរើការងារក្នុង ៣៧ ក្រសួង ស្ថាប័ន និងបុគ្គលិកតាមស្ថាប័នឯកជនដែលមានពិការភាពមានចំនួន ៥ ៨៣៩នាក់ (ស្រី ៦៦%) បម្រើការងារក្នុង ២៩១គ្រឹះស្ថានឯកជន។ លើសពីនេះទៅទៀត សិទ្ធិជនពិការក៏ត្រូវបានលើកកម្ពស់ក្នុងសង្គម រួមជាមួយជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ កីឡា និងសកម្មភាពនានាដែលបង្ហាញថាគ្មានការ រើសអើងចំពោះជនដែលមានពិការភាព នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្មីមួយដែលប្រជាជនកម្ពុជាយើង និងប្រជាជាតិទូទាំងសកលលោកមិនអាចបំភ្លេចបាននោះ គឺព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអគ្នេយ៍លើកទី១២ ដែលហៅកាត់ថា អាស៊ានប៉ារ៉ាហ្គេម ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

 លោក នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទីបានរអំពាវឱ្យគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវយករាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅអនុវត្តប្រកប ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ 

នាយករដ្ឋមន្ត្រីស្តីទីលោក នេត សាវឿន បានបន្តអំពាវ នាវឱ្យមានការចូលរួមអនុវត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ស្តង់ដារជាតិសកម្មភាពមីន ស្តីពីកិច្ចសង្គ្រោះជន រងគ្រោះថ្នាក់ដោយសារមីន គោលនយោបាយជាតិ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍ សុខុមាលភាពដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទ និងគ្រប់កម្រិត ហើយចូលរួមលើកទឹកចិត្ត និងជ្រើសរើសជនមានពិការភាពឱ្យបានចូលរួមបំពេញការងារទាំងក្នុង ស្ថាប័នរដ្ឋ និងវិស័យឯកជនបន្ថែមទៀត ។

លោក នេត សាវឿន បានណែនាំឱ្យចូលរួមផ្សព្វផ្សាយស្តីពីការគោរពសិទ្ធិ និងចូលរួមទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងការមាក់ងាយលើជនមានពិការភាព រួមទាំងជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម៕

ដោយ៖ សូរិយា


ចែករំលែក៖