ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទសម្តេចព្របរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចំពោះព្រះរាជសារប្រសិទ្ធពរជ័យ ជូនពរសម្តេចក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់៤៦ឆ្នាំ ឈានចូលឆ្នាំ ៤៧ឆ្នាំ។
ក្នុងសារលិខិតរបស់សម្តេចធិបតីមានខ្លឹមសារដូច្នេះថា ៖ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតសម្តែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជាអនេកប្បការដ៏ស្មោះស្ម័គ្របំផុត និងដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជសារដ៏ខ្ពង់ខ្ពស់បំផុត ប្រកបដោយព្រះរាជហឫទ័យដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម នាឱកាសថ្ងៃខួបចម្រេីនជន្មាយុដល់ទូលព្រះបង្គំជាខ្ញុំ ៕
ដោយ ៖ សហការី