ភ្នំពេញ ៖ បុរសម្នាក់ផឹកស្រវឹង រករឿងឈ្លោះ គម្រាមវាយ កាប់ប្រពន្ធកូន ព្យាយាមធ្វើអត្តឃាត២លើកមកហើយ តែមិនបានសម្រេច លុះដល់លើកទី៣ ខឹងប្រពន្ធកូនមិនវិលមកផ្ទះជួលវិញ បែរជាបញ្ចប់ជីវិតដោយចង.កសម្លាប់ខ្លួនបានសម្រេច បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅសំយ៉ាបមុខបន្ទប់ជួល ក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពបុរសខាងលើមានឈ្មោះ សេត សុីណាត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរគ្មាន មានប្រពន្ធឈ្មោះ អាំ ស្រីវុិត អាយុ៤២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៤អា ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល មានកូនចំនួន៣នាក់ តែស្នាក់នៅផ្ទះជួលផ្សេងទៀត មានស្រុកកំណើតភូមិល្វេ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត ។
តាមការបំភ្លឺពីក្រុមគ្រួសារ បានឱ្យដឹងថា បុរសខាងលើ ហូបស្រា ពេលស្រវឹងម្តងៗ និយាយមិនចេះស្តាប់គ្នាទេ តែងតែរករឿង ឈ្លោះក្នុងគ្រួសារ គម្រាមកាប់ វាយ ប្រពន្ធកូនច្រើនលើកមកហើយ ។
ប្រភពបន្តទៀតថា កន្លងមកជនរងគ្រោះព្យាយាមធ្វើអត្តឃាតចំនួន២លើកមកហើយ តែមិនបានសម្រេច ដោយសារអ្នកជិតខាងជួយ លុះដល់លើកទី៣នេះ បន្ទាប់ពីឈ្លោះគម្រាមកាប់ប្រពន្ធ ធ្វើឱ្យប្រពន្ធភិតភ័យរត់ទៅស្នាក់នៅផ្ទះជួលរបស់កូន ចំនួន៣ថ្ងៃមកហើយ មកដល់ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះ ទូរស័ព្ទហៅប្រពន្ធឱ្យវិលមកផ្ទះជួលវិញ តែខាងប្រពន្ធមិនព្រម កាលបើឈប់ផឹក ឈប់រករឿងប្រពន្ធកូនទើបទៅវិញ ហើយក៏ដេកសម្រាករៀងខ្លួន ខណៈដែលជនរងគ្រោះនៅបន្ទប់ជួលតែម្នាក់ឯង ស្រាប់តែនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ អ្នកជិតខាងប្រទះឃើញជនរងគ្រោះចង.កស្លាប់បាត់ទៅហើយ ។
បើតាមអ្នកជិតខាងវិញបានឱ្យដឹងថា ជនរងគ្រោះ ឱ្យតែផឹកស្រវឹងតែងតែឈ្លោះ រករឿង គម្រាមកាប់ វាយ ប្រពន្ធកូនចៅ ដោយប្រពន្ធខ្លាច បានចេញទៅស្នាក់នៅជាមួយកូន ផ្ទះផ្សេង ស្រាប់តែនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ អ្នកស្នាក់នៅក្បែរខាង ក្រោកពីដំណេក ប្រទះឃើញជនរងគ្រោះ ចង.កសម្លាប់ខ្លួន ដោយយកខ្សែ ចងភ្ជាប់នឹងផ្ទោងរោងសំយ៉ាបផ្ទះជួល ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុង ពិនិត្យកោសល្យវិច័យ ឃើញថាពិតជាធ្វើអត្តឃាត សម្លាប់ខ្លួនឯង ក្រុមគ្រួសារក៏មិនប្តឹងផ្តល់អ្វីដែរ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង រួមជាមួយលោកតាអាចារ្យ ធ្វើកិច្ច កាត់ខ្សែទម្លាក់ រួចដឹកយកទៅធ្វើបុណ្យនៅវត្តស្វាយមាស ក្បែរផ្ទះកើតហេតុ តាមប្រពៃណី ៕
ដោយ៖សុខាសែនជ័យ