ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅកាន់តុលាការហើយ ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

​ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យពីរនាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចម៉ូតូ ។

សូមបញ្ជាក់ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវលំ ភូមិ​១៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

ករណី​ចោរកម្ម​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ការដ្ឋាន​សំណង់ ផ្លូវ​លេខ​៣៣៩ ក្រុម​១៥ ភូមិ​៤ សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​មាន ៖

១-​ឈ្មោះ ហេង ជា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើស​អេ​ត​ចាយ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

២-​ឈ្មោះ ហួ​ន ដា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ រើស​អេ​ត​ចាយ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​រថភ្លើង សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ផ្លា​ក​លេខ​មណ្ឌល​គី​រី 1A-3162 ចំនួន ០១ គ្រឿង​, មួក​សុវត្ថិភាព ពណ៌ ស ចំនួន ០១​។

សម្ភារៈ ដែល​បាត់បង់ ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​បាត់ដំបង 1AT-0772 ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាង អយ្យការ បើកការស៊ើបសួរនៅឡើយ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖