ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១២.០៦០នាក់ នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា៖ ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ​​ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧  រោងចក្រដេរស្បែកជើង ចំនួន ៥  រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន​ ១  និងរោងចក្រតម្បាញ ចំនួន ១​​ ។

នេះ គឺជាលើកទី៦ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយជាអាទិភាព ស្តីពីការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖