ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹងជាចក្ខុវិស័យសុខាភិបាល ត្រូវពង្រឹងពីថ្នាក់មូលដ្ឋាន ឡើងដល់ថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានកំពុងផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងគុណភាពវិស័យសុខាភិបាល ដោយចាប់ផ្ដើមពីថ្នាក់មូលដ្ឋានឡើងទៅថ្នាក់ជាតិតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបន្តថា ដើម្បីពង្រឹងគុណភាពសុខាភិបាល រដ្ឋាភិបាលនឹងធ្វើយ៉ាងណាឲ្យគ្រូពេទ្យសុខាភិបាលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ដាក់ពង្រាយពេទ្យតាមមណ្ឌលសុខភាពក្នុងមូលដ្ឋាន ជាមួយនឹងការផ្គត់ផ្គង់ឱសថ និងសម្ភារៈពេទ្យឲ្យបានគ្រប់គ្រាន់ទៅដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេស។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា ស្របពេលត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងអាគារព្យាបាល និងការរៀបចំប្រព័ន្ធឌីជីថលតាមមណ្ឌលសុខភាព នេះជាការធ្វើជាជំហានៗ ក្នុងការពង្រឹងចក្ខុវិស័យ ត្រូវពង្រឹងចាប់ពីពេលនេះទៅ តាំងថ្នាក់មូលដ្ឋាន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្តទាំងអស់។

អនុសាសន៍របស់ សម្តេចធិបតីសម្រាប់ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលក្នុងនោះ មានទាំងថ្នាក់ក្រោមជាតិផងនោះ រួមមានដូចតទៅ៖

ទី១៖ ក្រសួងសុខាភិបាល ត្រូវគិតគូរនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេសពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែក ផ្តល់សេវាមូលដ្ឋានជូនពលរដ្ឋ ក៏ដូចជាពង្រឹងមន្ទីរពេទ្យខេត្ត ឱ្យក្លាយទៅជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅរាជធានីភ្នំពេញ នៅក្នុងការពិនិត្យ និងព្យាបាលជំងឺ និងផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយ ចំណាយក្នុងការមកទទួលសេវាសុខាភិបាល របស់ប្រជាជនផង។

ទី២៖ សម្តេចលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការ រវាងបណ្តាក្រសួងស្ថាប័ន ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាថា គ្មានពលរដ្ឋខ្មែរណាម្នាក់ ត្រូវបានបដិសេធក្នុងការធានាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះឡើយ

ទី៣៖ ក្រសួងសុខាភិបាល ត្រូវពង្រឹងឱ្យបានជាអតិបរមា នូវយន្តការផ្តល់សេវាសុខាភិបាលទាំងរដ្ឋ និងឯកជន ក៏ដូចជាពង្រឹងការបណ្តុះបណ្តាលជំនាញទាំងផ្នែកសុខាភិបាល និងជំនាញទន់។ សម្តេចសូមលើកទឹកចិត្ត ដល់មន្រ្តីសុខាភិបាល គ្រូពេទ្យ និងបុគ្គលថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ជាពិសេស ការធ្វើអទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើពីអ្វីៗទាំងអស់ ហើយប្រកាន់ខ្ជាប់ នូវក្រមសីលធម៌អាជីព ព្រោះថាអាជីពជាចម្បងរបស់អ្នកទាំងអស់ គឺការសង្គ្រោះជីវិតប្រជាពលរដ្ឋទូទៅ ដែលតម្រូវឱ្យមានការព្យាបាលប្រកបដោយទឹកចិត្តបរិសុទ្ធ គោរពស្រលាញ់អ្នកជំងឺ និងអ្នកជំងឺសុខាភិបាល ដូចជាសមាជិកក្រុមគ្រួសាររបស់ខ្លួន។

ទី៤៖ ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ និងពង្រឹងការគ្រប់គ្រង ការផលិត ការកែច្នៃ ការនាំចូលម្ហូបអាហារ និងថ្នាំសង្កូវ ដែលមានផលប៉ះពាល់អវិជ្ជមានដល់ប្រជាជនយើង។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ គ្រឿងបរិភោគ ដែលប៉ះពាល់ ជាអវិជ្ជមានទាំងនោះ ព្រោះយើងមិនចង់សុខភាពប្រជាពលរដ្ឋរបស់យើង រងផលប៉ះពាល់ ដោយសារម្ហូបអាហារ និងថ្នាំសង្កូវនោះទេ។

ទី៥៖ ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងក្របខណ្ឌ នៃគណៈកម្មការរដ្ឋាភិបាលឌីជីថល ពន្លឿនការប្រើប្រាស់ប្រព័ន្ធឌីជីថល នៅក្នុងវិស័យសុខាភិបាលទាំងមូល ជាពិសេសនៅគ្រប់មន្ទីរពេទ្យទាំងថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាល ឱ្យវេជ្ជបណ្ឌិតគ្រូពេទ្យ និងមន្រ្តីសុខាភិបាល ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលឱ្យបានទូលំទូលាយ។

ទី៦៖ សម្តេចស្នើដល់ក្រសួងសុខាភិបាល សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញនូវផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះចាំបាច់ត្រូវមានសុគតភាព ជាមួយ ក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រដទៃទៀត ជាពិសេស យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបបាន ដាក់ចេញ ហើយអាទិភាពចម្បងបំផុតត្រូវផ្តល់ទៅលើការសម្របសម្រួលការលំបាករបស់ប្រជាជន ខណៈដែលពួកគាត់ទទួលបានសេវាសុខាភិបាលមួយប្រកបដោយគុណភាព៕

ដោយ ៖ សិលា


ចែករំលែក៖