ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះរួមទាំងទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងរួមទាំងទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់ក្នុងផ្ទះ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក  ។

    លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឱ្យដឹងថា   ផ្ទះដែលរងគ្រោះដោយអគ្គិភ័យមានទំហំ១៥ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ ខែត ឈួត ភេទប្រុស អាយុ៥៨ឆ្នាំ ប្រពន្ធឈ្មោះ ម៊ាំង អ៊ូ អាយុ៥៧ឆ្នាំ រស់នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មានពីអគ្គិភ័យឆេះផ្ទះកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបានយករថយន្តពន្លត់អគ្គិភ័យ០១គ្រឿងនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រាស អាជ្ញាធរនិងប្រជាពលរដ្ឋបានចុះជួយអន្តរាគមន៍ពន្លត់ តែដោយភ្លើងបានឆាបឆេះពេញទំហឹងមិនអាចជួយសង្រ្គោះបាន ប៉ុន្តែបានទប់ស្កាត់កុំឱ្យភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតខាង។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា៖ ទ្រព្យសម្បត្តិនិងសម្ភារខូចខាតមាន ថវិកា ១០,០០០បាត (មួយម៉ឺនបាត)។ សម្ភារដំណេកនិងសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ប្លង់ដី គិតជាថវិកាប្រហែល ៤០លានរៀល។ មូលហេតុបង្កឱ្យមានគ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះមិនបាននៅផ្ទះដោយរវល់ទៅចម្ការ ។ ជាមួយគ្នានោះដែរ លោកអធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ពេលចេញពីផ្ទះទៅណាមកណា ត្រូវពិនិត្យមើលភ្លើងចង្រ្កាន និងបិទភ្លើងឱ្យបានត្រឹមត្រូវជាមុន៕

ដោយ៖ វណ្ណា


ចែករំលែក៖