ព័ត៌មានទាន់ហេតុការណ៍៖

អង្គការអភិរក្សសត្វព្រៃប្រទះឃើញបក្សីត្រយងចំពុះស្លាបព្រា នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង

ចែករំលែក៖

ភ្នំពេញ ៖ ថ្មីៗនេះអង្គការអភិរក្សសត្វព្រៃបានប្រកាសឃើញ បក្សីត្រយងចំពុះស្លាបព្រា (Platalea leucorodia) ត្រូវបានក្រុមអង្កេតតាមដានជីវចម្រុះប្រចាំតំបន់ទន្លេ សាប នៃអង្គការ WCS ប្រទះឃើញ នៅតំបន់អភិរក្សសត្វខ្សឹបជីក្រែង ដែលជាផ្នែកមួយនៃតំបន់ការពារ ទេសភាពទំនាប ទន្លេសាបខាងជើង។

ការប្រទះឃើញវត្តមានសត្វបក្សីប្រភេទនេះ គឺជាករណីកម្រ ខណៈកំណត់ត្រាទីមួយត្រូវបានប្រទះឃើញនៅតំបន់ការពារទេសភាពអាងត្រពាំងថ្មក្នុងឆ្នាំ ២០០៣ កំណត់ត្រាទីពីរនៅតំបន់រ៉ាមសារព្រែកទាល់ក្នុងឆ្នាំ ២០០៤ របាយការណ៍មួយទៀតត្រូវបានកត់ត្រានៅឆ្នាំ ២០០៥ ហើយកំណត់ត្រាទី៤ គឺនៅក្បែតំបន់ភ្នំក្រោម ក្រុងសៀមរាបក្នុងឆ្នាំ ២០១២ និងលើកទី៥ នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម នៅឆ្នាំ២០១៥។ ការប្រទះឃើញពេល នេះជាលើកទី៦ហើយដែល ក្រុមអ្នកអភិរក្សបានប្រទះឃើញនិងកត់ត្រា។

លោក ស៊ុម ភារុណ ប្រធានកម្មវិធី អង្គការ WCS ប្រចាំតំបន់ទេសភាពទំនាបទន្លេសាបឱ្យដឹងថា៖ «តាមរយៈគម្រោងទន្លេសាបដែលគាំទ្រដោយសហភាពអ៊ឺរ៉ុប និងមូលនិធិ Margaret A. Cargill Philanthropies ក្រុមការងារតាមដានជីវចម្រុះមូលដ្ឋាន បានបញ្ជាក់អំពីវត្តមាននៃសត្វត្រយងចំពុះស្លាបព្រានេះ អាចជាការវិលត្រឡប់មកកាន់ទីជម្រករកចំណីនៅតំបន់ដីសើមជុំវិញបឹងទន្លេសាប និងតំបន់ដីសណ្ដទន្លេមេគង្គក្រោម ការកត់ត្រាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៥ មក»។

លោកថា៖ «ទោះយ៉ាងណាក៏ដោយ ដោយសារភាពកម្រ ឱកាសនៃការប្រទះឃើញប្រភេទសត្វនេះគឺនៅមាន កម្រិតទាប។ បញ្ហាប្រឈមមួយទៀតគឺថា សត្វនេះតែង តែស្វែងរកចំណីរបស់វាជាមួយនឹងប្រភេទសត្វផ្សេង ទៀតដូចជារនៀលពណ៌ (Mycteria leucocephala)  និង និងត្រយងខ្លួនស (Threskiornis melanocéphalus) ជាដើម ដែលបង្កការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមនៅវាលក្នុងការអង្កេត និងការកំណត់អត្តសញ្ញាណ»។

សត្វត្រយងចំពុះស្លាបព្រា ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់ IUCN ជាប្រភេទរងគ្រោះតិចតួចបំផុត ប៉ុន្តែវាកម្រមានណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភេទសត្វនេះមានវត្តច្រើននៅក្នុងទ្វីបអឺរ៉ុប អាហ្រ្វិក និងអាស៊ី ហើយជាធម្មតាធ្វើទេសន្តរប្រវេសន៍ទៅកាន់តំបន់ដីសើម នៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា។ ការមើលឃើញនេះបង្ហាញពីភាពសម្បូរបែបនៃឋានប្រព័ន្ធដ៏អស្ចារ្យនៃទីជម្រកតំបន់ដីសើមទឹកសាប និងការប្តេជ្ញាចិត្តរបស់សហគមន៍មូលដ្ឋានក្នុងការអភិរក្សតំបន់ដីសើមទាំងនេះសម្រាប់សត្វស្លាបទឹកធំៗ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការការពារ និងអភិរក្សទីជម្រកនេះ ដើម្បីជាប្រយោជន៍ដល់ជីវចម្រុះ និងសហគមន៍៕

ប្រភព៖ AKP


ចែករំលែក៖