ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ ច្បារអំពៅបានលើកឡើងជាសំណើនិងសំណូមពរជាច្រើន ដែលសំណើនិងសំណូមពរទាំងនោះរួមមាន ការយកពន្ធដារលើអចលនទ្រព្យក៏ជារឿងសំខាន់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងជាច្រើននាក់ផងដែរ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញនិងមន្ទីរពាក់ព័ន្ធជួយដោះស្រាយ។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌច្បារអំពៅនាព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ជួប ខុន តំណាងឱ្យលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវត្តព្រែកប្រា ខណ្ឌច្បារអំពៅ ។
ពលរដ្ឋបានលើកឡើងថា៖ ការប្រមូលពន្ធទៅលើដី ផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានមន្ត្រីយកពន្ធយកលើសកំណត់ បើទោះបីចំណែកដីខាងមុខផ្ទះរបស់គាត់ត្រូវបានរដ្ឋកាត់យកជាដីចំណីផ្លូវសាធារណៈហើយក្តី ក៏ខាងខាងពន្ធដារ នៅតែគិតតម្លៃដូចមុន ពោលគឺដីដែលបានកាត់នោះនៅតែបង់លុយដដែល ។
ប្រជាពលរដ្ឋដូចគ្នានេះដែរ ក៏បានលើកឡើងថា ពួកគាត់មិនបានដឹងថា ផ្ទះរបស់គាត់ជាប់ពន្ធនោះទេ តែបែរជាមន្ត្រីពន្ធដារយកវិក្កយប័ត្រមកបង្ហាញជាមួយនឹងការផាកពិន័យជាង១០លានរៀល ខណៈពួកគាត់មិនបានដឹងទាល់តែសោះ។ ក្រៅពីការលើកឡើងពាក់ព័ន្ធនឹងវិស័យពន្ធដារខាងលើ ការបង់ថ្លៃសំរាមសូមឱ្យដាក់ជាវិក្កយប័ត្រតែ១ ។ ការសុំជួសជុលស្ពានព្រែកអ្នកតារាំង, សូមជួយដោះស្រាយបញ្ហាប្រឡាយបង្ហូរទឹក, សំណូមពរស្ថាបនាលូ,ការសុំតបណ្ដាញទឹកស្អាត និងការសុំឱ្យក្រុមហ៊ុនស៊ីនទ្រីដាក់រទេះតូចៗដឹកសំរាមតាមផ្លូវតូចៗ ក៏ជាការលើកឡើងនិងការស្នើសុំរបស់ប្រជាពលរដ្ឋទៅកាន់អាជ្ញាធរក្នុងវេទិកានេះផងដែរ។
ចំពោះសំណើនិងសំណូមពរប្រជាពលរដ្ឋពាក់ព័ន្ធនឹងពន្ធដារនេះត្រូវបានមន្ត្រីពន្ធដារលើកឡើងថា៖ ការបង់ពន្ធអចលនទ្រព្យ ចាប់ពីពេលនេះទៅរហូតដល់ចុងឆ្នាំ២០២៤ ការបង់ពន្ធអចនទ្រព្យនេះគឺមិនត្រូវបានផាកពិន័យនោះទេ ពោលគឺបងប្អូនប្រជាពលរដ្ឋដែលជាប់ពន្ធអាចទៅបង់ពន្ធទៅតាមតម្លៃពន្ធតែប៉ុណ្ណោះ មិនមានការផាកពិន័យអីនោះទេ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនៅក្នុងឱកាសនោះបាន បកស្រាយបំភ្លឺជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ដោយអាជ្ញាធរនឹងពិនិត្យលទ្ធភាពដើម្បីធ្វើទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ។
លោកស៊ុយ សេរិទ្ធ បានលើកឡើងថា៖ វេទិកានេះមានប្រជាពលរដ្ឋលើកឡើងជាសំណើនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន១៣នាក់ និងសំណើជាលាយលក្ខណ៍អក្សរចំនួន៧៨ច្បាប់ ហើយរាល់សំណើនិងសំណូមពរដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនភាពបន្តទៀត ។ ចំពោះសំណើជាលាយលក្ខណ៍អក្សរទាំង៧៨ច្បាប់ ក្រុមការងារនឹងប្រជុំពិភាក្សាពិនិត្យលទ្ធភាពដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។
លោក ជួប ខុន បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋដែលមាន ដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋានជាដើម៕
ដោយ ៖ សំរិត