ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ មាន ៣ជំពូក និង ២២មាត្រា។ ថវិកាឆ្នាំ២០២២ ត្រូវបានគិតគូរៀបចំ និងអនុវត្តដោយតម្រង់ការប្រើប្រាស់ធនធាន លើការបន្ត ប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ-19 តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់ និរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្តារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ ក៏ដូចជាសម្រេចឱ្យបាននូវនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។ នៅឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្នុង អត្រា ៥,២% ដោយរក្សាបានស្ថិរភាព នៃតម្រូវការសាកល ល្អជាងការរំពឹងទុក បើទោះបីជាទទួលរងផលប៉ះពាល់ ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ ការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា បានឆ្លុះបញ្ចាំងតាមរយៈស្ថានភាព ល្អប្រសើរ នៃវិស័យបម្រើឱ្យការនាំចេញ ជាពិសេសអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។ ផ.ស.ស. សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ១ ៦៥៩ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដល់ប្រមាណ ១ ៧៨៨ ដុល្លា
អាម៉េរិក ក្នុងឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់បានឱ្យដឹងថានៅឆ្នាំ២០២២ ចំណូលថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្ត បានចំនួន ៣៧ ២៦៤ ៧៩១,៧ លានរៀល ស្មើនឹង ៣០,៨០% នៃ ផ.ស.ស. ខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៦,២%។ ចំណែកការអនុវត្តចំណាយវិញ នៅឆ្នាំ២០២២ ការចំណាយថវិការដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មានចំនួន ៣២ ៣៧៥ ៨៦៤,៤ លានរៀល ស្មើនឹង ២៦,៧៦% នៃ ផ.ស.ស. ទាបជាងច្បាប់ហិរញ្ញវត្ថុចំនួន ៨,៨%។
សូមបញ្ជាក់ថា : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នេះ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈ ចំនួន ៤ ហើយខាងលើនេះជា សេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២៕
ដោយ ៖ សិលា