ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកុមារជាតិ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រកាសបើកសន្និសីទ រោគកុមារលើកទី៥ ក្រោមប្រធានបទ “រួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារ”។
លើកឡើងនាឱកាសនោះ លោកស្រីសាស្ត្រាចារ្យ បានថ្លែងថា ការរៀបចំសន្និសីទនេះធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់បុគ្គលិកសុខាភិបាល តាមរយៈការផ្លាស់ប្តូរ បទពិសោធន៍ នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍគុណភាពសេវាថែទាំព្យាបាលទារក និងកុមារឱ្យកាន់តែប្រសើរ ប្រកបដោយគុណភាព ប្រសិទ្ធិភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នានិងគ្នា ក្នុងវិស័យសុខាភិបាលតែមួយ។ ទន្ទឹមនឹងនោះការពង្រឹងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលបន្ត ដល់អ្នកផ្តល់សេវាសុខាភិបាល គឺជាផ្នែកមួយនៃការអភិវឌ្ឍគុណភាពសេវាសុខាភិបាល និងបង្កើនទាំងទំនាក់ទំនងល្អជាភាតរភាព។
លោកស្រីសាស្ត្រាចារ្យ បានបន្តទៀតថា មន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់លើកកម្ពស់ ទាំងគុណភាព សុវត្ថិភាព វប្បធម៌សហភាតរៈចំណងសាមគ្គីភាព និងផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក តាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឱ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់ សស្រាំ ក្នុងការស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាវប្បធម៌ចែករំលែកប្រកបដោយសន្តិភាព និងឈានទៅរកការអភិវឌ្ឍ និងឈ្នះៗទាំងអស់គ្នា។ ក្នុងនោះលោកជំទាវ ពិតជាចង់ឃើញសកម្មភាពបែបនេះ កើតឡើងគ្រប់ទីកន្លែង សម្រាប់គ្រប់សហភាតរៈក្នុងវិស័យសុខាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀត រួមសហការ សិក្សាស្វែងយល់ពីគ្នា គឺជាអ្វីដែលមានសេចក្តីរីករាយបំផុត។
ឆ្លៀតក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមាជាតិ ក៏បានប្តេជ្ញាចិត្តថា ថ្នាក់ដឹកនាំ និងបុគ្គលិក និងអ្នកផ្តល់សេវាកម្មផ្សេងៗទាំងអស់ក្នុងមន្ទីរពេទ្យកុមារជាតិ នៅតែបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈដល់ប្រជាពលរដ្ឋឱ្យកាន់តែមានទំនុកចិត្ត ក្រោមយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាល ដែលមានលោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងវិស័យសុខាភិបាល និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងកិច្ចការអាទិភាពទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ។
គួរបញ្ជាក់ផងដែរថា វាគ្មិនអន្តរជាតិ ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុកជាច្រើន បានមកចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសន្និសីទនេះ មានដូចជា៖ វាគ្មិនមកពីព្រះរាជាណាចក្រថៃ នៃសាកលវិទ្យាល័យថាម៉ាសាត វាគ្មិនមកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារជាតិ និងវាគ្មិនមកពីមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កំពង់ធំ ពោធិ៍សាត់ ព្រៃវែង មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មន្ទីរពេទ្យមង្គលបូរី ដែលសុទ្ធតែជាអ្នកកំពុងតែបម្រើការនៅផ្នែកកុមារទារក ៕
ដោយ ៖ សហការី