ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្តីថ្លែងការណ៍ ចំពោះ បទអត្ថាធិប្បាយ វិបត្តិបំណុល ក្នុងកម្មវិធី The Kanitha Show ដោយបញ្ជាក់ថា ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សូមសម្ដែងការសោកស្ដាយ និងស្នើកែតម្រូវ វីដេអូ អត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» របស់អ្នកនាង កន្និដ្ឋា តាមទំព័របណ្ដាញសង្គម The Kanitha Show ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ បទអត្ថាធិប្បាយនេះ បានចោទប្រកាន់ដោយខ្វះមូលដ្ឋាន ចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យតែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែក ធនាគារនិងហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។ បទអត្ថាធិប្បាយនេះទៀតសោត ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការ រំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
សមាគមយល់ឃើញថា បទអត្ថាធិប្បាយខាងលើ មិនបានជួយដល់ប្រជាពលរដ្ឋខ្មែរ ហើយថែមទាំង បង្កចលាចលសង្គម ដោយធ្វើឱ្យប្រជាជនយល់ច្រលំ បង្កើតហានិភ័យផ្នែកច្បាប់ដល់ប្រជាជន។ បទអត្ថាធិ ប្បាយនេះ ក៏នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តលើគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជំរុញឱ្យពលរដ្ឋងាកទៅបើ ប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជនឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមស្វាគមន៍ និងរីករាយក្នុងការផ្តល់ទិន្នន័យអំពីវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសចំណេះដឹងហិរញ្ញវត្ថុ ជូនដល់កម្មវិធី The Kanitha Show ដើម្បីកម្មវិធីអាចបង្កើតមាតិកា ចំណេះដឹងល្អជូនប្រជាជនកម្ពុជា។
សមាគមបានព្យាយាមទំនាក់ទំនងទៅកាន់កម្មវិធី The Kanitha Show តាមរយៈលេខទូរសព្ទ សារអេឡិច ត្រូនិច សារចូលក្នុងផេករបស់កម្មវិធី ដើម្បីផ្ដល់ព័ត៌មាន និងទិន្នន័យបន្ថែម – ប៉ុន្តែមិនមានការឆ្លើយតប។ ការមិនឆ្លើយតបនេះបង្ហាញពីភាពមិនខ្វល់ ក្នុងការស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនិងអត្មានិយម ប្រើ ប្រាស់បណ្តាញសង្គមទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានឆន្ទៈក្នុងការជួយប្រជាជនកម្ពុជាពិតប្រាកដ៕
ដោយ ៖ សហការី