ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពណាស់ មិនត្រឹមតែខិតខំក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជានោះទេ ថែមទាំងបានចូលរួមចំណែកដោះមីននៅក្រៅប្រទេសក្រោមក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធិផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន ដែលពិធីនេះប្រារព្ធឡើងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមជាប្រទេសមួយធ្លាប់រងគ្រោះដោយសារសង្រ្គាម និងគ្រោះថ្នាក់ដោយសារគ្រាប់មីន កម្ពុជា ប្តេជ្ញាចិត្តចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងគ្រាប់មីន ពិសេសចូលរួមក្នុងការស្វែងរកសន្តិភាពពិភពលោក ដោយប្រឆាំងនឹងសង្រ្គាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ក្រោយពីប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ប្រជាពលរដ្ឋលែងមានការភិតភ័យដោយសារសង្រ្គាម និងលែងមានការភ័យខ្លាចនិងគ្រោះថ្នាក់ដោយសារមីន ដោយសារតែ កម្ពុជាមានឱកាសគ្រប់គ្រាន់ក្នុងការបោសសំអាតមីនដែលនៅសេសសល់ ព្រមទាំង មីនថ្មីក៏មិនត្រូវបានដាក់ដោយសារយើងគ្មានសង្រ្គាម។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តថា ៖ គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ៖ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។
សម្ដេចធិបតី ៖ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២ ៕
ដោយ ៖ សហការី