ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរី សុវណ្ណ ព្រះថេរដីការបស់ (សម្តេច) ផ្តាំផ្ញើចំពោះព្រះធម្មវនវាសី ចន្ទ មុនី “សំខាន់បំផុតបង្កើតពុទ្ធិកសិក្សា សម្រាប់កសាងធនធានព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា “

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ម្សិលមុិញនេះ ព្រះអង្គធម្មវនវាសី ចន្ទ មុនី និងសូត្រស្តាំ បាននិមន្តទៅថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរី សុវណ្ណ ដល់កុដិព្រះអង្គ ក្នុងវត្តបូរណ៍ ក្រុង-ខេត្តសៀមរាប ហើយ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរី សុវណ្ណ ព្រះថេរដីការបស់ (សម្តេច) ផ្តាំផ្ញើចំពោះព្រះអង្គធម្ម វនវាសី ចន្ទ មុនី “សំខាន់បំផុតបង្កើតពុទ្ធិកសិក្សា សម្រាប់កសាងធនធានព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា “។ 

សូមបញ្ជាក់ថា : ម្សិលមិញ ជាសីលធម៌ដ៏ល្អផូរផង់ក្នុងពុទ្ធសាសនាដែលព្រះអនុថេរត្រូវថ្វាយបង្គំព្រះមហាថេរ(អ្នកបួសក្រោយត្រូវថ្វាយបង្គំអ្នកបួសមុន)ដោយហោចណាស់សូម្បីតែបួសមុនមួយនាទី ដោយមិនគិតទៅលើអ្នកនោះមានអាយុច្រើនឬតិច(ចាស់ឬក្មេង)។ ពុទ្ធសាសនាជាសាសនាដែលយកច្បាប់ជាធំយកធម៌ជាធំ(ធម្មាធិបតេយ្យ)ដូច្នេះហើយអ្នកដែលចូលបួសក្នុងពុទ្ធសាសនាកុំថាឡើយអ្នកនោះជាកូនរាស្ត្រ មន្ត្រី សេដ្ឋី គហបតី សូម្បីតែកូនស្ដេចក៏ត្រូវទម្លាក់ចោលនូវឋានៈ បុណ្យសក្ដិតួនាទីទាំងអស់កាន់យកនូវធម៌វិន័យលែងមានពូជពង្សវង្សត្រកូលខ្ពស់ទាប លែងមានសញ្ជាតិគឺមានសញ្ជាតិតែមួយគត់គឺសញ្ជាតិព្រះពុទ្ធ(សាវ័កព្រះពុទ្ធ) ដោយព្រះពុទ្ធជាម្ចាស់បរមគ្រូនៃយើងបានរៀបចំសាវ័កព្រះអង្គឲ្យមានសណ្ដាប់ធ្នាប់ មានរបៀបរៀបរយល្អឥតខ្ចោះទៅតាមលំដាប់លំដោយវស្សាចាស់វស្សាខ្ចី។ តួយ៉ាងដូចព្រះអង្គធម្ម វនវាសី ចន្ទមុនី ព្រះអង្គបានបំពេញនូវកាតព្វកិច្ចជាព្រះអនុថេរចូលទៅក្រាបថ្វាយបង្គំព្រះអង្គគ្រូ ពិន សែម ដែលជាព្រះមហាថេរ និងជាព្រះថេរៈដែលមានវស្សាចាស់(វ័យចំណាស់)ថែមទៀតប្រៀបដូចជាកូនត្រូវគោរពវន្ទាឪពុកម្ដាយដែលនេះជាឥរិយាបថដ៏ប្រពៃសម្រាប់ឲ្យព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គយកគំរូតាម។ ព្រះអង្គធម្ម វនវាសី ចន្ទមុនី ពិតជាព្រះសង្ឃដែលមានគុណធម៌គួរឲ្យគោរពកោតក្រែងរអែងចិត្តដោយមួយរយៈនេះឃើញមានអ្នកតូចអ្នកធំមន្ត្រីអ្នកមុខអ្នកការស្កាត់ពីនាយដល់អាយចូលក្រាបថ្វាយបង្គំព្រះអង្គយ៉ាងច្រើនហូរហែដើម្បីសុំសុខសុំលាភសុំជ័យពីព្រះអង្គដោយកោតសរសើរពីបុណ្យបារមីរបស់ព្រះអង្គមិនដាច់ពីមាត់ហើយអ្នកខ្លះក៏បានធូរស្បើយពីជំងឺតម្កាត់ទាំងឡាយផងដែរ។ សូមសាធុជនទាំងឡាយរីករាយជ្រះថ្លា ចំពោះព្រះអង្គធម្មវនវាសី ចន្ទមុនី និងអនុមោទនាយកបុណ្យកុសលគ្រប់ៗគ្នាទៅហោង។

សូមជម្រាបជូនថា, ព្រះអង្គធម្ម វនវាសី ចន្ទ មុនី និងសូត្រស្តាំ បាននិមន្តទៅថ្វាយបង្គំ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរី សុវណ្ណ ដល់កុដិព្រះអង្គ ក្នុងវត្តបូរណ៍ ក្រុង-ខេត្តសៀមរាប និងមានប្រជាពលរដ្ឋរាប់ពាន់មុឺននាក់ យ៉ាងច្រើនកកកុញ រង់ចាំព្រះអង្គនៅក្នុងវត្តបូរណ៍ និងនៅខាងក្រៅបរិវេណវត្ត ដើម្បី បានជួប ព្រះអង្គធម្មវនវាសី ចន្ទ មុនី សុំសេចក្តី សុខចម្រើន។ ដោយឡែកនៅប្រាសាទអង្គរវត្ត មានប្រជាពលរដ្ឋជាតិនិងអន្តរជាតិ រាប់ម៉ឺននាក់ រង់ចាំព្រះអង្គកាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីសុំការប្រាស់ព្រំ ថ្វាយបង្គំ គោរព ប្រណិប័តន៍ ។ ប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាច្រើន បន្ទាប់ពីទទួលព័ត៌មានថា ព្រះអង្គធម្មវនវាសី ចន្ទ មុនី និមន្តទៅទេសនា នៅវត្តអង្គរខាងជើង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះសូម្បីតែប្រជាជនថៃ រាប់ម៉ឺននាក់គ្រោងនឹងមកកាន់ខេត្តសៀមរាប ដើម្បីក្រាបបង្គំព្រះអង្គ សុំសេចក្តីសុខចម្រើន មានលាភមានជ័យ ៕

ដោយ ៖ សិលា


ចែករំលែក៖