ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលស្ថិតនៅក្នុងភូមិឈូកអាង ឃុំពន្លៃ ស្រុកភ្នំស្រុក ចំនួន៦០គ្រួសារទទួលបានគ្រឿងបរិភោគនិងឧបភោគពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រីជាភរិយា ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពីលោក ជូ បុត្រ អភិបាលនៃគណៈអភិបាលស្រុក លោកស្រីអភិបាលរង កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋានបានចូលរួមនារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះលោក ឃ្លោក នួយ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុំ រាត្រី អភិបាលខេត្តនិងលោកស្រី ជូនដល់បងប្អូនដែលរស់នៅដោយក្តីនឹករលឹក។ មួយវិញទៀតលោកបានណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយអនាម័យ តាមរយៈការហូបស្អាត ផឹកស្អាត និងរស់នៅស្អាតប្រកបដោយអនាម័យ។
ដោយតំបន់ខាងលើស្ថិតនៅផ្ទៃអាងត្រពាំងថ្ម ជាជម្រកមច្ឆជាតិ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទ នៅចំណុចអាងត្រពាំងថ្មនេះ សូមកុំប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ ពិសេសឧបករណ៍ឆក់ជាដើម ដែលវាធ្វើឲ្យប៉ះពាល់ទៅដល់ពូជត្រី ។ ដូច្នេះលោកក៏បានសំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បើសិនជាមានករណីនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ ឬឧបករណ៍ផ្សេងៗដែលច្បាប់ហាមឃាត់ សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីធ្វើការចុះបង្ក្រាបបានទាន់ពេលវេលា ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៦០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម, មី១១កញ្ចប់, ត្រីខមួយយួរ ទឹកស៊ីអ៉ីវ៣ដប និងទឹកត្រី៣ដបផងដែរ៕
ដោយ៖ វណ្ណា