ខេត្តកណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន២៩ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា «ខ្ញុំឃើញមានការលើកឡើងមួយចំនួនថា នាយករដ្ឋមន្ត្រី ២ខែនេះ ឃើញ តែនិយាយសុទ្ធ ហ្អាកកម្រិតនយោបាយ ត្រូវតែនិយាយដាក់ចេញនូវគោលនយោបាយ បើមិនឲ្យយើងប្រាប់ប្រជាពលរដ្ឋ ម្ចាស់ប្រទេសថា រដ្ឋាភិបាលត្រូវធ្វើអីជូនឲ្យបងប្អូនត្រូវធ្វើម៉េច»។ សម្ដេចបន្តថា ការងារអ្វីមួយ ត្រូវធ្វើតាមជំហាន តាមកម្រិត ដែលត្រូវរៀបចំផែនការ និងរៀបចំ គោលនយោបាយជាដើម ដោយមិនមែនចេះតែធ្វើនោះទេ។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។ សម្ដេចបន្តថា គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិ និងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស។
-សម្ដេចធិបតី ថ្លែងថា ការយល់យោគគ្នានាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ អនុវត្តបានជោគជ័យ គឺដោយសារការយល់យោគនេះឯង។
-សម្ដេចធិបតី ថ្លែងថា ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬហាងមួយដែរ ជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំងនេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុខភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ។
-សម្តេចធិបតី ថ្លែងថា នឹងអញ្ជើញប្រកាសដាក់ឱ្យដំណើរការគោលនយោបាយនៃ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ រួមទាំងកម្មករ-កម្មការិនី។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។ កម្មវិធីគ្រោងនឹងដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសំអាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិនយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។ សម្ដេចធិបតីបានបញ្ជាក់ដែរថា និក្ខេបបទបណ្ឌិតដែលសម្ដេចបានសរសេរកាលពីជាង ២០ឆ្នាំមុននោះ គឺផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេស គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ។
-សម្តេចធិបតី ថ្លែងថា គោលនយោបាយ របស់ រាជរដ្ឋាភិបាលគឺបានដាក់ចេញច្បាស់លាស់ ដើម្បីផលប្រយោជន៍ របស់ ប្រជាជន និង ប្រទេសជាតិទាំងមូល មិនចេះតែនឹកឃើញ និង ឆក់កណ្ដៀត ដូចអ្នកអង្គុយចាំរិះគន់នោះទេ។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបែបនេះ គឺចង់ចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបានរិះគន់ដល់សម្តេចធិបតីថា បានកាន់ តំណែង ជានាយករដ្ឋមន្រ្តី ក្នុងរយៈពេលពីរខែមកនេះ គឺគ្មាន ធ្វើអ្វីសោះក្រៅពីដើរនិយាយ និងដើរជួបកម្មករ និយោជិតនោះ។
-សម្តេចធិបតី ថ្លែងថា មានអ្នកអង្គុយរិះគន់ ដល់ សម្តេចថា មិនបានធ្វើអ្វីសោះ ក្នុង រយៈពេលពីរខែ មកនេះ គិតតែពីដើរនិយាយ ដូច្នេះសម្តេច បានឆ្លើយទៅពួកទាំងនោះវិញថា ការ ដើរនិយាយរបស់សម្តេចនេះ គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់ របស់ រាជរដ្ឋាភិបាលបន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ មិនចេះតែនឹកឃើញ និង ឆក់កណ្ដៀត តាមអារម្មណ៍ ដូចអ្នកអង្គុយរិះគន់នោះទេ។
-សម្តេចធិបតី ថ្លែងថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋរីក ចម្រើន និងមានបានកាន់តែច្រើននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ ជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីជាប្រទីពដឹកនាំ ប្រទេស ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នេះហើយគឺជា កម្រិត នយោបាយរបស់រាជរដ្ឋាភិបាល ដែល ត្រូវដាក់ចេញ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យលើការបណ្ដុះបណ្ដាលជំនាញដល់យុវជនចំនួន ១,៥ លាននាក់នាពេលខាងមុខ គឺត្រូវផ្ដោតលើការអនុវត្តឱ្យច្រើនជាងទ្រឹស្ដី និងចៀសវាងសិស្ស អវត្តមានច្រើន ដើម្បីចៀសឱ្យផុតការចេញសញ្ញាបត្រសេះហោះដល់សិស្ស។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺរៀនចប់ ចេះ មានការងារធ្វើ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង។
-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅលើពិភពលោកមានប្រទេសរាប់រយ ដែលត្រូវប្រកួតប្រជែងជាមួយកម្ពុជា ហេតុនេះរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា។
បេីតាមលោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបព្រឹកនេះ មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។
លោករដ្ឋមន្ត្រី បន្តថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យកៀកនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនោះ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្តស្ទើរទូទាំងប្រទេស។ បច្ចុប្បន្នរោងចក្រ សហគ្រាសតាមបណ្តាខេត្ត បានកើនពីចំនួន ៦៤រោងចក្រ និងមានកម្មករ និយោជិតត្រឹមប្រមាណ ៨ម៉ឺននាក់នៅឆ្នាំ១៩៩៧ មកដល់ចំនួន ១៧,៧២៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបប្រមាណ ១.៥លាននាក់ គិតត្រឹមខែតុលា ឆ្នាំ២០២៣។ ក្នុងនោះ វិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១,៣៣៣រោងចក្រ សហគ្រាស និងមានកម្មករ និយោជិតសរុបចំនួន ៨២២,២៣៥នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២.៦ពាន់លានដុល្លារ។
បច្ចុប្បន្នខេត្តកណ្តាល មានរោងចក្រ សហគ្រាសចំនួន៤៧៧ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ១៥ម៉ឺន ២ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួល សរុបជាង ៤៦៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ ដេរមាន ចំនួន១៦៦ ផ្តល់ការងារជូន កម្មករ និយោជិតសរុបប្រមាណ ១៣ម៉ឺននាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ៤០៨លាន ដុល្លារក្នុង មួយឆ្នាំ៕
ដោយ៖សហការី