ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការចុះជួបបងប្អូនកម្មករនិយោជិត គឺដើម្បីបានដឹងពីសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដល់ពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃកម្ពុជា មានប្រសាសន៍លើកឡើងថា សម្តេចចុះជួបជាមួយកម្មករនិយោជិត ក្នុងរយៈពេលជាង ២ខែ ក្រោយចូលកាន់តំណែងជានាយករដ្ឋមន្ត្រី គឺដើម្បីបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ពួកគាត់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា នៅមុនពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងក្រោយពេលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញផែនការចុះស្រាវជ្រាវ និងជួបផ្ទាល់ ជាមួយគ្រប់ភាគីទាំងអស់មានកម្មករ ម្ចាស់រោងចក្រ ប្រជាពលរដ្ឋ និងវិស័យឯកជនជាដើម ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។

បើតាមសម្តចធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីបានសិក្សាស្រាវជ្រាវនិងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋហើយ នេះគឺជាដំណាក់កាលផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងថា តើរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានធ្វើអ្វីខ្លះដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គ្រប់វិស័យទាំងអស់។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការយល់យោគគ្នានាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ អនុវត្តបានជោគជ័យ គឺដោយសារការយល់យោគនេះឯង។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬហាងមួយដែរ ជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំងនេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុខភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេស​វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។ កម្មវិធីគ្រោងនឹងដំណើរការជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស​មួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសំអាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិនយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។ សម្ដេចធិបតីបានបញ្ជាក់ដែរថា និក្ខេបបទបណ្ឌិតដែលសម្ដេចបានសរសេរកាលពីជាង ២០ឆ្នាំមុននោះ គឺផ្ដោតលើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេស គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ៕

ដោយ ៖ សហការី


ចែករំលែក៖