ទីក្រុងប៉េកាំង ៖ វេទិកាធនាគារខួរក្បាលនៅទីក្រុងប៉កាំងបានលើកពីពាក្យនៃចំណងមិត្តភាពពិសេសកម្ពុជា-ចិន៖ “មិត្តដែកថែប កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងត្បូងពេជ្រ”។ តើវាមានអត្ថន័យនិងអនុវត្តដល់ណាហើយ? តើវេទិកាធនាគារខួរក្បាលនេះ អាចជួយយ៉ាងដូចម្តេចដើម្បីឱ្យបានគ្រប់ជ្រុងជ្រោយនិងឱ្យដល់គោលដៅចិញ្ចាចចិញ្ចែងដូចត្បូងពេជ្រដែលចិនបានបង្កើតពាក្យទាំងនេះឡើង? នេះជាលើកឡើងពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងអ្នកឆ្លើយឆ្លងព័ត៌មាន កាសែតជប៉ុន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ពីទីក្រុងប៉េកាំង។
លោក ពុយ គា ថ្លែងថា : គួរបើកប្រព័ន្ធផ្សព្វផ្សាយចិនបែបណាដើម្បីឱ្យព័ត៌មានល្អៗពីស្រុកខ្មែរចូលឱ្យដល់ទីក្រុងប៉េកាំង? ឧទាហរណ៍ TikTok ផ្សាយនៅកម្ពុជាមិនអាចចូលដល់ឬមើលឃើញនៅប្រទេសចិនឡើយ ព្រោះគេប្រើ Social APP និង Plateform ខុសពីយើង។
ក៏ដូចគ្នាតើជួយជម្រុញបែបណាដើម្បីឲ្យផលិតផលកសិកម្មដ៏សម្បូរបែបរបស់កម្ពុជាចូលដល់ប្រទេសចិនឱ្យមានចំនួនច្រើន? ហើយនិងធ្វើដូចម្តេចដើម្បីឱ្យអ្នកជំនួញចិនវិលត្រឡប់ទៅវិនិយោគផ្នែកដីធ្លីនៅកម្ពុជាវិញ?…។
ពេលវេលាដំណើរទៅទីក្រុងប៉េកាំង លោក ពុយ គា បានបង្ហោះថា , ចេញដំណើរទៅទីក្រុងប៉េកាំងដើម្បីចូលរួមផងនិងជាវាគ្មិនតូចមួយផងក្នុង “វេទិកាជាន់ខ្ពស់ធនាគារខួរក្បាលកម្ពុជា-ចិន”។ “Cambodia-China Think Tank High-Level Forum”.
ខ្ញុំដូចជារសើបនឹងពាក្យដែលប្រែថា
“ធនាគារខួរក្បាល” ចេញមកពីភាសាអង់គ្លេស “Think Tank”។
បើយើងសាកល្បងប្រែពាក្យទល់នឹងពាក្យ អាចមានន័យថា “ក្រុមគិតគូរធំៗឲ្យប៉ុននឹងធុងរថក្រោះ = Think Tank?”។ ដោយឡែកភាសាសៀមគេថាប្រែថា “ឃ្លាំងបញ្ញា”។
សូមអ្នកជំនាញផ្នែកអក្សរសាស្រ្តខ្មែរជួយពន្យល់ និងបំភ្លឺបន្ថែម តើការប្រែថា “ធនាគារខួរក្បាល” ត្រឹមត្រូវ ឬស្រួលស្តាប់ដែឬទេ? ៕
ដោយ ៖ សហការី