ព័ត៌មានទាន់ហេតុការណ៍៖

ផឹកសុី​ស្រវឹង​ធ្លាក់​ភ្នែក​ជិះម៉ូតូទៅផ្ទះមិនរួចដេកកណ្តាលផ្លូវត្រូវជនសង្ស័យលួចយកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ចេញពីផឹកស៊ីជួបជុំជាមួយមិត្តភក្ដិនៅក្នុងហាងមួយកន្លែងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ​មិន​រួច​ក៏​ឈប់​​​ម៉ូតូ​ដេក​តាមផ្លូវត្រូវបានជនសង្ស័យលួចម៉ូតូ​យកទៅបាត់។

ហេតុការណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២:៣៥ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្ដាញ​ផ្លូវ​បេតុង​ខាង​ក្រោយ​ផ្សារ​ឯក​រាជ្យ​១ត្រង់ចំណុចដីឡូតិ៍មួយកន្លែង​ភូមិ​ត្រពាំង​ថ្លឹង​១សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ស្រេង​ ចាន់​តានា​ ភេទ​ប្រុស​អាយុ​៣២ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ បច្ចុប្បន្ន​រស់​នៅ​ក្នុង​បុរី​ឡុង​នី​ ភូមិ​ត្រពាំង​ថ្លឹង​១​ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។ 

បើយោងតាមការបញ្ជាក់ពីបុរសជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូម៉ាកហុងប៊ីត១គ្រឿងពណ៌ផ្កាឈូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HT-8096​ ចេញពីផ្ទះទៅផឹកស៊ីនៅក្នុងហាងកែវព្រឹលមួយកន្លែងជួបជុំជាមួយ​មិត្ត​ភក្តិ​ ក្រោយពីផឹករួចក៏ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះវិញដោយស្រវឹង​ខ្លាំងពេកទៅផ្ទះមិនរួចបានឈប់ម៉ូតូសម្រាកដេកនៅតាមផ្លូវកេីតហេតុខាងលេីពេលនោះដែរស្រាប់តែមានជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពលួចម៉ូតូយកទៅបាត់ដោយ​សុវត្ថិភាព​បន្ទាប់​មក​មកពេល​ជនរងគ្រោះបានភ្ញាក់ឡើងស្រាប់តែស្រឡាំងកាំងមិនឃើញម៉ូតូរបស់​ខ្លួន​ក៏ដេីរ​​ចេញ​ពី​ទី​តាំង​កន្លែង​បាត់​ម៉ូតូ​​មកផ្លូវ​វេងស្រេង​រួច​ហើយ​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ជួយ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​រក​ម៉ូតូ​របស់​ខ្លួន​។ 

បន្ទាប់ពីកេីត​ហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋានបាន​ចុះ​មក​ដល់​​សួរ​នាំ​ជនរងគ្រោះ​​រួច​ហើយ​ដឹក​ទៅ​ចង្អុល​បង្ហាញ​ទី​តាំង​កន្លែង​ហេតុ​ដែល​ជន​សង្ស័យយក​ម៉ូតូ​ ហើយអោយ​ជន​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​ដេីម្បី​សមត្ថកិច្ច​​ស្រាវជ្រាវ​រក​ជន​សង្ស័យ​ឃាត់​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់៕​

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖