អាស៊ីបានកត់ត្រាការរញ្ជួយដីចំនួនបួនដែលកើតឡើងក្នុងរយៈពេលជិតពីរម៉ោងនៅក្នុងប្រទេសឥណ្ឌា មីយ៉ាន់ម៉ា និងតាជីគីស្ថាន ដែលបណ្តាលឱ្យមនុស្សភ័យខ្លាចហើយបានរតចេញពីអគារខ្ពស់ៗ។ការរញ្ជួយដីលើកទីមួយ ដែលមានកម្រិត 3.4 រ៉ិចទ័រ ជាមួយនឹងចំណុចកណ្តាលនៅជម្រៅ 5 គីឡូម៉ែត្រ បានកើតឡើងនៅក្នុងស្រុក Mandi រដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅវេលាម៉ោង 9:00 ព្រឹក ថ្ងៃទី 13 ខែមេសា។ អ្នកស្រុកជាច្រើនបានឮសំឡេងតូចៗ អមដោយការញ័រភ្លាមៗ ដែលបណ្តាលឱ្យពួកគេភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
នៅវេលាម៉ោង 9:24 ព្រឹក ការរញ្ជួយដីកម្រិត 5.9 រ៉ិចទ័រ ដែលមានចំណុចកណ្តាលនៅជម្រៅ 10 គីឡូម៉ែត្រ បានអង្រួនទីក្រុង Meiktila ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា។ ប្រជាជននៅក្នុងទីក្រុង Mandalay និង Naypyitaw ដែលជាទីក្រុងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដីកម្រិត 7.7 រិចទ័រលើកមុន មានអារម្មណ៍ញ័រ។ តំបន់ជាច្រើននៅភាគខាងជើងប្រទេសថៃក៏ទទួលរងការញ័រខ្លាំងផងដែរ ។
វាគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតមួយបន្ទាប់ពីការរញ្ជួយដីកម្រិត 7.7 រិចទ័រនៅជិតទីក្រុង Mandalay ដែលបានសម្លាប់មនុស្សជាង 3,600 នាក់កាលពីចុងខែមីនា។
នៅម៉ោង 9:54 ព្រឹក ការរញ្ជួយដីកម្រិត 6.1 រ៉ិចទ័រ ដែលមានចំណុចកណ្តាលជម្រៅ 10 គីឡូម៉ែត្រ បានអង្រួនតំបន់ Sayjod នៃប្រទេសតាជីគីស្ថាន។ អ្នកស្រុកក្នុងទីប្រជុំជនក្នុងតំបន់មានអារម្មណ៍ញ័រខ្លាំង។ ហាង និងសាលារៀនមួយចំនួនត្រូវជម្លៀសចេញ។
នៅម៉ោង 10:36 ព្រឹក តំបន់នេះបានបន្តជួបប្រទះការរញ្ជួយដីកម្រិត 3.9 រិចទ័រ ដែលមានចំណុចកណ្តាលជម្រៅ 10 គីឡូម៉ែត្រ ដែលបណ្តាលឱ្យអាជ្ញាធរមានការព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពរញ្ជួយដីនៅក្នុងតំបន់នេះ។ អាស៊ីកណ្តាល និងអាស៊ីខាងត្បូង ស្ថិតនៅលើ “តំបន់ប៉ះទង្គិច” រវាងបន្ទះ tectonic ឥណ្ឌា និងអឺរ៉ាស៊ី ជាកន្លែងដែលការរញ្ជួយដីខ្លាំងកើតឡើងជាញឹកញាប់។
គ្មានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍នៅក្នុងការរញ្ជួយដីចំនួន 4 កាលពីថ្ងៃទី 13 ខែមេសានៅអាស៊ីកណ្តាលនិងខាងត្បូងទោះបីជាការខូចខាតខ្លះចំពោះហេដ្ឋារចនាសម្ព័ន្ធត្រូវបានរាយការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។ ការរញ្ជួយដីថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតឡើងបន្ទាប់ពីប្រជាជននៅក្នុងប្រទេសនេះកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី៕ ដោយ៖ ធីរីណា
រូបថត៖ AFP