ទ្វីបអឺរ៉ុបក្នុងឆ្នាំ 2024 បានកត់ត្រាទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលមានមនុស្សស្លាប់ជាង 300 នាក់ និងការខូចខាតគិតជាទឹកប្រាក់ចំនួន 20.5 ពាន់លានដុល្លារ។
សេវាត្រួតពិនិត្យការប្រែប្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប (EU) នៅថ្ងៃនេះបានចេញផ្សាយរបាយការណ៍មួយដែលធ្វើឡើងជាមួយអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ (WMO) ដោយនិយាយថាឆ្នាំ 2024 គឺជាឆ្នាំដែលអឺរ៉ុបបានកត់ត្រាទឹកជំនន់ដ៏អាក្រក់បំផុត និងទូលំទូលាយបំផុតចាប់តាំងពីឆ្នាំ 2013 ។
តំបន់ដ៏ធំនៃទ្វីបនេះ ត្រូវបានគេមើលឃើញថាមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំមុន ជាមួយនឹងទីក្រុង Valencia ប្រទេសអេស្ប៉ាញ ដែលជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេ រួមជាមួយនឹងតំបន់នៅអឺរ៉ុបកណ្តាល និងខាងកើត។
ព្យុះ និងទឹកជំនន់នៅទូទាំងទ្វីបអឺរ៉ុបក្នុងឆ្នាំ 2024 បានសម្លាប់មនុស្សជាង 300 នាក់ ប៉ះពាល់ដល់មនុស្ស 413.000 នាក់ និងបណ្តាលឱ្យខូចខាតសេដ្ឋកិច្ចយ៉ាងហោចណាស់ 20.5 ពាន់លានដុល្លារ។
ប្រហែល 30% នៃបណ្តាញទន្លេនៃទ្វីបជួបប្រទះនឹងទឹកជំនន់។ Copernicus បានបន្ថែមថាឆ្នាំ 2024 ត្រូវបានកំណត់ថាជាឆ្នាំមួយក្នុងចំណោមឆ្នាំដែលសើមបំផុតទាំង 10 របស់អឺរ៉ុបចាប់តាំងពីឆ្នាំ 1950។
អឺរ៉ុបបានជួបភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលត្រឹមតែ 5 ថ្ងៃក្នុងខែកញ្ញា ឆ្នាំ 2024 កម្រិតទឹកភ្លៀងស្មើនឹង៣ខែនៃឆ្នាំ មុនៗ ដោយសារព្យុះ Boris បានបង្កការខូចខាតយ៉ាងទូលំទូលាយនៅទូទាំងបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតចំនួនប្រាំបី។
មួយខែក្រោយមក ព្យុះដ៏ធំមួយ រួមផ្សំនឹងសំណើមពីសមុទ្រមេឌីទែរ៉ាណេ ដើម្បីបង្កទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់លើទីក្រុង Valencia ភាគខាងកើតប្រទេសអេស្ប៉ាញ ដែលបានសម្លាប់មនុស្សចំនួន 227 នាក់ ដែលជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់អឺរ៉ុបក្នុងរយៈពេលជាង 5 ទសវត្សរ៍។
អាកាសធាតុរបស់អឺរ៉ុបបានឡើងកម្តៅពីរដងលឿនជាងមធ្យមភាគពិភពលោកចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 ។ វាជាទ្វីបដែលមានកំដៅលឿនបំផុតនៅលើផែនដី។
ប្រហែលពាក់កណ្តាលនៃទីក្រុងនៅអឺរ៉ុបមានផែនការសម្របខ្លួនថ្នាក់ជាតិ ដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ នេះបើយោងតាមរបាយការណ៍របស់ Copernicus និង WMO ៕
ដោយ៖ ធីរីណា(រូបថត៖ AFP)