ភ្នំពេញ ៖ សូមរំលឹកឡើងវិញជូនអ្នក សារព័ត៌មាន ! ករណីសំណើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បី គ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ ដោយក្រសួងព័ត៌មាន រាជរដ្ឋាភិបាលបានណែនាំ ៖ អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ខែ។
សូមបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា , ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោករដ្ខមន្ត្រី ក្រសួងព័ត៌មានជ្រាបថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មានដូចខាងក្រោម៖
១. ណែនាំឱ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មានដោយទុករយៈពេល៣(បី)ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
២.អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និង ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណ បញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។
៣.លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីហើយមិនដំណើរការក្នុងរយៈពេល១(មួយ)ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣(បី)ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សា រយៈពេលយូរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមជ្រាបនិងចាត់ចែងអនុវត្ត។
នេះជាការរម្លឹកដល់អ្នកសារព័ត៌មាន ដើម្បីចូលរួមអនុវត្ត ប្រកបដោយការទទួលខុសត្រូវ ក៏ដូចជាការលើកស្ទួយ លើវិស័យព័ត៌មាន នៅកម្ពុជា អោយមាន ការគោរពច្បាប់ អនុវត្តតាម វិជ្ជាជីវៈ ក្រមសីលធម៌ ដែលជារនាំងដ៏រឹងមាំ សម្រាប់ការពារភាពស្អាតស្អំ របស់យើងតាមផ្លូវច្បាប់ ៕
ដោយ ៖ សហការី