ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករមាសហែក ទទួលបច្ច័យ ទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ និងរបស់ប្រើប្រាស់ ពីព្រះសង្ឃទាំង ៥២វត្ត ក្នុងស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះនិងរងគ្រោះដោយសារ គ្រោះមហន្តរាយបង្ករដោយគ្រោះធម្មជាតិផ្សេងៗ និងចូលរួមក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា នៅព្រឹក ទី ៣ខែវិច្ឆិកា ឆ្នាំ ២០២៣ ព្រះធម្មកិច្ចមុនី រស់ ឌី ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណខេត្តស្វាយរៀង ព្រះអនុគណស្រុករមាសហែក ចៅអធិការវត្តចន្ត្រី រួមជាមួយព្រះសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង ៥២ វត្ត បាននិមន្តប្រគេនបច្ច័យ ទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ និងរបស់ប្រើប្រាស់ក្នុងឱកាសនោះព្រះធម្មកិច្ចមុនី រស់ ឌី បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏ដូចជាសាខាកាកបាទក្រងមកម្ពុជាខេត្តស្វាយរៀង អនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ដែលបានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ ។

ជាមួយគ្នានេះ លោក ស៊ូ ម៉ុល ប្រធានគណៈកម្មាធិការអនុសាខា ស្រុករមាសហែកបាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរព្រះគុណ និងអរគុណ ពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ខេត្តស្វាយរៀង ប្រគេនចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនដល់អនុសាខាកាកបាទកម្ពុជាស្រុក នាពេលនេះ សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងសហគម ។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ លោកប្រធានគណៈកម្មាធិការអនុសាខា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ ។

លោក ស៊ូ ម៉ុល បានសន្យាថាអំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋ ដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។

បន្ទាប់មក ព្រះធម្មកិច្ចមុនី រស់ ឌី ក៏បានប្រគេនសម្ភារនិងថវិការរបស់ សាលាអនុគណ ស្រុករមាសហែក ជូនដល់អធិការដ្ឋាននគរបាលស្រុករមាសហែកផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖