ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់របួសធ្ងន់២នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិតនិងក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៣នេះថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើចំណុចផ្លូវក្រវាត់ក្រុង  ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1M-4613 បើកបរដោយឈ្មោះ ទិន ទីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាសុីណូម៉ុកបាយ មានទីលំនៅភូមិឈើទាល ឃុំត្បែង ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ និងអ្នករួមដំណើរម្នាក់ឈ្មោះលាត សុខឡី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខកាសុីណូម៉ុកបាយ ដោយបានប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ក៏រេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្ឋើលដល់អ្នកភូមិតែម្ដង។

    ក្រោយកើតហេតុដោយមុខរបួសធ្ងន់ពេកបុរសឈ្មោះ ទិន ទីន បានស្លាប់គួរអោយសង្វេគ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តកំពង់ធំ  ។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង ០១:៥៩នាទី ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅលើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានរថយន្តមិនស្គាល់ម៉ាកនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីកើតទៅលិចមិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១D-២៨២៦ បើកបរដោយឈ្មោះ មឿន រិទ្ធីស័ក្តិ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់តុ រស់នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយធ្វើដំណើរពីជើងមកត្បូងយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយបង្កហេតុអ្នកបើករថយន្តឃើញសភាពការណ៏មិនស្រួលក៏បានបើកទ្វាររត់គេចពីកន្លែងកើតហេតុ បន្សល់តែម៉ូតូនិងមនុស្សដេកដួលកណ្ដាលផ្លូវត្រូវបានជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង៕

ដោយ៖ សុថាន


ចែករំលែក៖