ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញ សេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា , នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងសន្និសីទអន្តរជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ារីស លើកទី១៨ ក្រោម ប្រធានបទ “អាស៊ាន និងសិទ្ធិមនុស្ស៖ ទស្សនវិស័យ និងវឌ្ឍនភាព” ដែលប្រព្រឹត្តទៅនៅសកលវិទ្យាល័យ Paris Pantheon Assas នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមប្រព័ន្ធវីដេអូ។
ចំពោះសន្និសីទនេះ ក្នុងនាមជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា) លោកទេសរដ្ឋមន្ត្រី បានធ្វើបទអន្តរាគមន៍លើប្រធានបទ “ចក្ខុវិស័យន កិច្ចសហប្រតិបត្តិការ? កិច្ចសន្ទនារបស់ស្ថាប័នអាស៊ានលើការការពារសិទ្ធិមនុស្ស”។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំអាស៊ានក្នុងការជំរុញការកសាងសហគមន៍អាស៊ាន តាមរយៈ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគោរពគោលការណ៍អធិបតេយ្យភាព សមភាព បូរណភាព ទឹកដី ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង កុងសង់ស៊ីស និងឯកភាពក្នុងពហុភាព។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រីក៏បានលើកពីយន្តការថ្នាក់តំបន់របស់អាស៊ាន ដែលមានអោយឆា ចូលរួមជាសកម្មក្នុងកិច្ច ប្រឹងប្រែងកលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ានកន្លងមក តាមរយៈ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធផងដែរ។
ជាកិច្ចបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃការលើកកម្ពស់ ការយល់ដឹងអំពីសិទ្ធិមនុស្ស ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា ក្នុងការកាត់បន្ថយការ រំលោភសិទ្ធិមនុស្ស៕
ដោយ ៖ សហការី