ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងាររៀបចំ កែសម្រួលលេខកូដសម្គាល់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំក្រុមការងាររៀបចំ កែសម្រួលលេខកូដសម្គាល់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន អគ្គនាយករង អនុប្រធានអង្គភាព ប្រធាននាយកដ្ឋាន មន្ត្រីជំនាញតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នាឱកាសនោះ  លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ ដេីម្បីរួមគ្នាកែសម្រួលលេខកូដសម្គាល់រដ្ឋបាល រាជធានី  ទាំងអស់ប្រកបដោយប្រសិទ្ធភាព។ 

ជាមួយគ្នានោះដែរ លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ នៃ អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញអំពីទស្សនាទាន នៃការរៀបចំលេខកូដសម្គាល់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយលោកបានលើកឡើងថា ការរៀបចំលេខកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ គឺដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យ Gazetteer Database Online និងមានលក្ខណៈស្តង់ដាររួមមួយ  សម្រាប់ឱ្យក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗទៀត អាចយកទៅប្រើប្រាស់ជាផ្លូវការតាមសមត្ថកិច្ចរៀងៗខ្លួន។ ទន្ទឹមនឹងនេះ លោក លី យ៉ាសាក់ ក៏បានលើកឡើងថាការរៀបចំលេខកូដសម្គាល់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍លេខកូដជាលក្ខណៈឌីជីថល និងអភិវឌ្ឍន៍លេខកូដផែនទីឌីជីថលផងដែរ។

ជាថ្មីម្តងទៀត លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ដែលបានផ្តល់ជាធាតុចូល ទៅលើទស្សនាទាន នៃការរៀបចំលេខកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ។  ឯកឧត្ត មបានបន្តថា  កិច្ចការងារនេះ មានបញ្ហាប្រឈមជាច្រើន  ពិសេស បញ្ហាបច្ចេកទេសដែលជាបញ្ហាសំខាន់ដែលត្រូវរួមគ្នាដោះស្រាយ។ ជាមួយគ្នានោះ ដែរ  លោកក៏បានឯកភាពបង្កើតជាក្រុមកាងារអន្តរក្រសួង  ដើម្បីសហការធ្វើកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរ ទាន់ពេលវេលា  និងស្វែងរកគំនិតរួមគ្នា សម្រាប់រៀបចំលេខកូដសម្គាល់ភូមិសាស្រ្តនេះ៕

ដោយ ៖ សហការី


ចែករំលែក៖