ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យោងតាម កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៣។

កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យទាំង៤នាក់មាន ៖

១.ឈ្មោះង្វៀង ឌឹកថាន់ទុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

២.ឈ្មោះ ចឹង អាន់ទឹង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ B56 សៀងហៃរីស៊ត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

៣.ឈ្មោះ ចិន ថៃលីវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ B៤០ សៀងហៃរីស៊ត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

៤.ឈ្មោះ ង្វៀង កាធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខBIBOស្ថិតនៅភូមិចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅវេលាម៉ោង៤ និង៤០នាទីរសៀល រហូតដល់ម៉ោង ២៣ និង២០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ដឹកនាំដោយលោក  ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូសៀងហៃ និងចំណុចខារ៉ាអូខេ BIBO ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ រួមទាំងវត្ថុតាងមាន៖

*ក្រាមពណ៌សថ្លាចំនួន ១៣  កញ្ចប់ មានទម្ងន់ ១២៧.២០ ក្រាម (គិតទាំងសំបកវិចខ្ចប់)( កេតាមាន)។

*ម្សៅម៉ត់ពណ៌សចំនួន ០៩ កញ្ចប់ មានទម្ងន់ ៨៧.១០ ក្រាម (គិតទាំងសំបកវេចខ្ចប់)(កេតាមាន)។

*ថ្នាំគ្រាប់ពណ៌លឿងចំនួន ១២ កញ្ចប់ មានទម្ងន់១៩.៥០  ក្រាម  (គិតទាំងសំបកវេចខ្ចប់)។

*ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០១ កញ្ចប់ មានទម្ងន់ ០.៦០  ក្រាម  (គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)។

*ម្សៅកញ្ចប់រូបនាគចំនួន ០២ កញ្ចប់ មានទម្ងន់ ៤៨.៥០  ក្រាម  (គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)។

*ម្សៅកញ្ចប់ពណ៌ក្រហម(រូបទំពាំងបាយជូ) ចំនួន ១០ កញ្ចប់ មានទម្ងន់ ១០៥.៦០ ក្រាម(គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)។

*ម្សៅកញ្ចប់ពណ៌ក្រហម(រូបសត្វសេះ) ចំនួន ០៤ កញ្ចប់ មានទម្ងន់ ២១.៩០ ក្រាម  (គិតទាំងសំបកវេចខ្ចប់)(អិចស្រ្តាស៊ី)។

*ទម្ងន់ថ្នាំញៀន សរុប ៤៣០,២០ ក្រាម (គិតទាំងសំបកវេចខ្ចប់)។

*ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣ គ្រឿង។

*ថ្នាំជក់(សង្ស័យកញ្ឆា) ចំនួន ០១។

*ម៉ូតូចំនួន ០១ គ្រឿង។

*អត្តសញ្ញាណប័ណ្ណ (វៀតណាម) ចំនួន ០១ សន្លឹក។

*លិខិតឆ្លងដែនចំនួន ០១។

*ទូរស័ព្ទដៃចំនួន ០៤ គ្រឿង។

*សម្ភារៈប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន៕

ដោយ៖ សុថាន 

 


ចែករំលែក៖