ខេត្តកោះកុង៖ ពាក់ព័ន្ធករណីឃាត់ខ្លួនជនសង្ស័យវ៉ៃឈ្លូសសម្លាប់ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកោះកុង បានសម្រេចពិន័យជាថវិកាចំនួន៣លាន៩សែនរៀលចំពោះយុវជនដែលបានយកដំបងវ៉ៃសម្លាប់សត្វឈ្លូសកំពុងហែលទឹកនៅឆ្នេរសមុទ្រកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ។
លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង បានឱ្យដឹងល្ងាចម៉ោង៥នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថា ការពិន័យត្រឹមតែជាទឹកប្រាក់ចូលរដ្ឋយ៉ាងដូច្នេះ ក៏ព្រោះតែសត្វឈ្លូស១ក្បាលទម្ងង់១៣គីឡូក្រាមនោះ មិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។ ដូច្នេះពុំទាន់ការដាក់ទោសទណ្ឌក្នុងពន្ធនាគារទេ។
មន្ត្រីជំនាញបានបញ្ជាក់ថា៖ យោងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ជំពូកទី១៥ ទោសប្បញ្ញត្តិ មាត្រា៩៦ ចំណុច២០ បរបាញ់ក្នុងទីសាធារណៈ ជនណាប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកឋាខណ្ឌទី១នៃមាត្រានេះ មិនរាងចាលក្នុងរយៈពេល១ខែ ត្រូវទទួលការពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពី២ទៅ៤ដងនៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ។ វត្ថុតាងពិតប្រាកដនៃបទល្មើសព្រៃឈើត្រូវរឹបអូសជាសម្បត្តិរដ្ឋស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ វត្ថុតាងផ្សេងទៀតក្រៅពីផលអនុផលព្រៃឈើអាចប្រគល់ឱ្យសាមីជនវិញតែក្នុងករណីប្រព្រឹត្តល្មើសនឹងមាត្រា៩៦នៃច្បាប់។
ចំណែកលោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង ថ្លែងថា យោងតាមការសម្រេចពិន័យរបស់មន្រ្តីជំនាញខាងលើ រដ្ឋបាលខេត្តកោះកុងដឹកនាំដោយលោកស្រី មិថុនា ភូថង ក៏ឯកភាពលើចំណាត់ការនេះផងដែរ គ្រាបុរសជាជនសង្ស័យបានទទួលស្គាល់កំហុសកន្លងទៅ និងចេញមុខមកសារភាពចំពោះមុខសមត្ថកិច្ច ក្រោយមានការផ្ទុះមតិរិះគន់ បណ្តាញអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយ និងឈានដល់ការប្រកាសស្វែងមុខជនសង្ស័យពីសំណាក់លោកស្រី មិថុនា ភូថង អភិបាលខេត្ត និងមហាជន មកផ្តន្ទាទោស។
លោកអភិបាលរងខេត្តកោះកុង ជឿជាក់ថា បុរសឈ្មោះ តាន់ អ៊ុខុន អាយុ២៣ឆ្នាំ មុខរបរជាសន្តិសុខ នៅក្រុមហ៊ុន ឡុង បេ ក្នុងតំបន់ទេសចរណ៍តារាសាគរ នឹងកែខ្លួនមិនប្រព្រឹត្តខុសជាលើកទី២នោះទេ បើពុំនោះទេទទួលរងទោសទណ្ឌតាមច្បាប់ជាមិនខាន។
តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញុះញុងជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ចំពោះជនសង្ស័យ២នាក់ដែលលើកសែងឈ្លូសមិនមែនជាបក្សពួកគេទេ មិនស្គាល់អត្តសញ្ញាណឡើយ។
ហេតុការណ៍វាយសម្លាប់សត្វឈ្លូសនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លុះដល់ថ្ងៃទី២៩ ខែតុលា ហើយបានមានការបង្ហោះតាមបណ្តាញសង្គម បង្កឱ្យមានការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។
សូមរម្លឹកថា៖ សកម្មភាពរបស់ជននេះប្រព្រឹត្ត វាសាហាវឃោរឃៅពេកហើយ ទីបំផុត ច្បាប់អត់មានចែងអោយដាក់ពន្ធនាគារ ត្រឹមតែធ្វើការពិន័យ និងសន្យាបញ្ឈប់ប្រព្រឹត្តតទៅទៀត ៕
ដោយ ៖ សហការី