ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ជាសក្ខីភាពឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃនៅក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលទៅជាការអនុវត្តដោយភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់នូវបញ្ហាតាមមូលដ្ឋាន។
ទោះយ៉ាងណា សម្តេចធិបតីបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះបើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតនឹងមិនបានជោគជ័យនោះទេប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា ក្រៅពីការផ្តល់សេវាសារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបានដើរតួនាទីដ៏សំខាន់មួយទៀតជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលក្លាយទៅជាសកម្មភាពជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើង និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពដ៏ដទៃទៀត ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញសម្រាប់ក្របខណ្ឌមន្រ្ដីរាជការ ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ៕
ដោយ ៖ សហការី