ព័ត៌មានទាន់ហេតុការណ៍៖

មានករណី​ក្រុម​ចោរ​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​បាន​ប្លន់​គំរាម​បាញ់​អ្នកលក់​ចាប់ហួយ​ប្រមូល​លុយ​យក​អស់​ រួមទាំងគ្រឿងអលង្ការ​​ប្លាទីន​​ជាង​១​តម្លឹង

ចែករំលែក៖

ខេត្តកំពត ៖ ទោះជាសមត្ថកិច្ច ព្យាយាមល្បាត រក្សា សន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន អនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដោយ ក៏ជនល្មើស ឆ្លៀតធ្វើសកម្មភាព ផ្សេងតាមតំបន់ដាច់ស្រយាល មកលើប្រជាពលរដ្ឋ។ 

ប្រជាពលរដ្ឋបានអោយដឹងថា, មានករណី​ក្រុម​ចោរ​ចំនួន​២​នាក់​ប្រដាប់​ដោយ​អាវុធ​ខ្លី​មួយ​ដើម​បាន​ប្លន់​គំរាម​បាញ់​អ្នកលក់​ចាប់ហួយ​ប្រមូល​លុយ​យក​អស់​ រួមទាំងគ្រឿងអលង្ការ​​ប្លាទីន​​ជាង​១​តម្លឹង​ ។

ហេតុការណ៍​ខាងលើ​បាន​បង្កការភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​៥ ​ខែ​វិ​ច្ឆិកា ​ឆ្នាំ២០២៣  នៅ​​ចំណុចផ្ទះលក់​ចាប់ហួយ​មួយកន្លែង នៅ​ជាប់​ផ្លូវ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។

 ប្រជាពលរដ្ឋបានបញ្ជាក់ថា, ​ស្ត្រី​រងគ្រោះ​ឈ្មោះ ​សៅ​ សុភ័ក្ត្រ ជា​អ្នកលក់​ចាប់​ហួយ និង​ប្តីឈ្មោះស សំបូរ ។ គ្រួសារនេះ​រស់នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។

​ស្ត្រីជា​អ្នកលក់​ចាប់ហួយ​រងគ្រោះ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា​ មុនពេលកើតហេតុ ក្រុម​ចោរ​មាន​គ្នា​ចំនួន​២​នាក់​ ម្នាក់​​ពាក់​​ម៉ាស់ ចំណែក​​ម្នាក់​​ទៀត​មិន​​បានពាក់​ម៉ាស់​ទេ​ បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​ដើរ​សំដៅ​មករកគាត់​ ដោយពួក​​គេ​និយាយ​ថា​រក​ទិញ​ស្រា​បៀរ​។​ គ្រាន់​​តែ​​ពួកគេ​និយាយ​មិន​ទាន់​ចប់​ពី​មាត់​ផង ស្រាប់​តែ​​ចោរ​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ពី​ច​ង្កេះ ​ហើយ​ភ្ជង់គាត់​​មិនឱ្យ​​ស្រែក​ ប្រ​យយ័ត្នបាញ់​សម្លាប់​។ ​ពេលនោះ​គាត់​បាន​ដក​ទូរ​ស័ព្ទ​ចង់​និយាយ​ប្រាប់​ប្ដី​​ដែល​ដឹក​អី​​វ៉ា​ន់​ដាក់​អោយ​ម៉ូយ​ដែរ ​តែ​​ក៏​ត្រូវ​ក្រុម​ចោរ​នោះ​វាយ​ក្បាល​គាត់​មួយ​ដៃ​ ​បណ្ដាល​អោយ​ហូរ​ឈាម​តាម​ច្រមុះ​ និង​យក​កាំភ្លើង​វាយ​ក្បាល​គាត់ ​បណ្ដាល​អោយ​ឈា.ម​ជោក​អាវ​​ថែម​​ទៀត​ ។

ជនរងគ្រោះបាន​បន្ត​ថា ​ក្រុម​ចោរ​បាន​ព្យា​​យាម​​ដោះ​យក​កងដៃ​​ប្លា​ទី​ន​មួយ​តម្លឹង​មួយ​ជី​ដែរ តែ​ដោះ​មិន​បាន ​គាត់​ក៏​​បាន​ប្រាប់​ចោរ​ថា​យក​កន្ត្រៃ​​កាត់​ក​ង​ដៃ​យក​ទៅ​ចុះ​ ព្រោះ​​គាត់​​ខ្លាច​ចោរ​បាញ់​។​បន្ទាប់​ពី​កាត់​កងដៃ​បាន​ហើយ ក្រុមចោរក៏បាន​ប្រមូល​លុយ​លក់ដូរ​អស់​ និង​​បាន​ទាញ​ទ្វារ​បិទ ​រួច​​ក្រុមចោរ​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងត្បូង​បាត់​ ទើប​ម្ចាស់​រត់​តាម​ផ្លូវ​ទ្វារ​ក្រោយ​ស្រែក​អោយ​គេ​ជួយ​។​ ភ្លាម​ៗ​នោះ​នគរបាល​ចុះ​មក​ដល់​កន្លែង​កើតហេតុ​សួរនាំដែរ ​តែ​ពុំ​ទាន់​មាន​តម្រុយ​ណាមួយ​ពី​ក្រុម​ចោរ​នៅឡើយ​ទេ​ ។

សូមបញ្ជាក់ថា : ចំពោះករណីដែលមានការរៀបរាប់ដោយជនរងគ្រោះ និងប្រជាពលរដ្ឋ ប៉ុន្តែគេពុំទាន់ទទួលព័ត៌មានច្បាស់ការនៅឡើយទេ ពីសមត្ថកិច្ចមូលដ្ឋានជុំវិញហេតុការណ៍ខាងលើនេះ ។ ប្រសិនបើមានករណីបែបនេះ ប្រជាពលរដ្ឋមានជំនឿថា កម្លាំងនគរបាលខេត្តកំពត មានវិធានការលឿនក្នុងការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជនល្មើស ។ ពីព្រោះថាលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត តែងតាមដានជាប្រចាំ ចំពោះបទល្មើសដែលកើតមានតាមបណ្ដាមូលដ្ឋាន ជំរុញឲ្យសមត្ថកិច្ចក្រោមឱវាទ យកចិត្តទុកដាក់តាមប្រមាញ់ ក្រុមជនល្មើស ទទួលលទ្ធផលវិជ្ជមានច្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋផងដែរ ៕ 

ដោយ ៖ សហការី


ចែករំលែក៖