ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​បាន​បានថ្លែង​ប្រសាសន៍​សំខាន់​ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ​។ អគារទីស្ដីការថ្មីរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី អតីតរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ និងដោយមានការឯកភាពគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីកម្ពុជា​ ដែលចំណាយថវិការប្រមាណ ៦០លានដុល្លារសហរដ្ឋអាមេរិក។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ពិតជារីករាយជាមួយសមិទ្ធផលអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ។​ សម្តេចធិបតី​ ថ្លែងថា វាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការគិតគូរ និងការសាងសង់អគារដ៏ប្រណិតរបស់រដ្ឋមួយនេះ។

-សម្តេចធិបតី ថ្លែងថា អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ គឺជាមរតកមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលនីតិកាលចាស់ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងការគាំទ្ររបស់សម្តេចតេជោ​ ហ៊ុន សែន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពដ៏ដទៃទៀត ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញសម្រាប់ក្របខណ្ឌមន្រ្ដីរាជការ ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។

-សម្តេចធិបតី ថ្លែង​ជំរុញឲ្យក្រសួងមហាផ្ទៃខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន, បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើប និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។

-សម្ដេចធិបតី​ ថ្លែង​ស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ, ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានា។ 

-សម្តេចធិបតី​ ថ្លែងថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ហើយដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ។

-សម្ដេចធិបតី​ ប្រកាសស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។ 

-សម្ដេចធិបតី​ ប្រកាសណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថា មន្ត្រីរាជការក្រសួងមហាផ្ទៃ នឹងដឹងគុណចំពោះគុណូបការៈដ៏ធំធេងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាល ចាស់តាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់។​ សម្តេចធិបតី ថា គោលនយោបាយនឹងស្ថិតតែនៅក្នុងក្រដាស បើគ្មានអ្នកយកទៅអនុវត្តន៍ទេនោះ។

-សម្តេចធិបតី មានក្តីរំពឹងថា ក្រោមការដឹកនាំរបស់លោក ស សុខា អាចឆ្លើយតបបានទៅនឹងក្តីរំពឹងខាងលើនេះ។ សម្តេចធិបតី ថ្លែងកោតសរសើរមន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។

-សម្តេចធិបតី ថ្លែងថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវប្រឹងប្រែងសម្រួចមុខព្រួញ ហើយត្រូវប្រឹងប្រែងអនុវត្តន៍ឱ្យកាន់តែប្រសិទ្ធភាព។​ សម្តេច​ ថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវតែបន្តយកចិត្តទុកដាក់ និងជំរុញការអនុវត្តន៍បន្តទៀត។

-សម្តេចធិបតី ថ្លែងបញ្ជាក់ថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចលើការងារទាំងឡាយ។

-សម្តេចធិបតី ថ្លែងថា ថ្នាលឌីជីថល មិនមែនរុញការងារមកថ្នាក់ជាតិវិញនោះទេ គឺការងារទាំងឡាយនៅតែបន្តអនុវត្តន៍តាមមូលដ្ឋានដដែល។

-សម្តេចធិបតី ថ្លែងថា លុយតិចដាក់ចំគោលដៅទទួលបានផលប្រយោជន៍ តែបើលុយច្រើន ដាក់មិនចំគោលដៅ គឺមិនអាចទទួលបានបានប្រយោជន៍ច្រើនទេ។​ សម្តេចធិបតី ថា ការប្រើប្រាស់មន្ត្រី ត្រូវតែដាក់ឱ្យចំគោលដៅ នឹងទទួលបានប្រសិទ្ធភាពការងារ​ និងណែនាំឱ្យមន្ត្រីក្រោមជាតិពង្រឹងភាពស្អាតស្អំ៕

ដោយ៖ សហការី​


ចែករំលែក៖