ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជធានី-ខេត្ត នឹងមានសិទ្ធិពិនិត្យនិងសម្រេច លើគម្រោងវិនិយោគដែលមានទឹកប្រាក់លើសពី ៥ លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ សម្រេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងផ្ដល់សិទ្ធិបន្ថែមទៀតដល់ថ្នាក់រាជធានី-ខេត្ត ដើម្បីសម្រេចទៅលើគម្រោងវិនិយោគមួយចំនួន ខណៈពេលដែលបច្ចុប្បន្ននេះ រដ្ឋបាលថ្នាក់រាជធានី-ខេត្តមានសិទ្ធសម្រេចលើគម្រោងដែលមានទឹកប្រាក់ត្រឹមតែ ៥ លានដុល្លារចុះក្រោមតែប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មី ទីស្តីការក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ថ្នាក់រាជធានី-ខេត្ត ត្រូវបញ្ជា គ្រប់គ្រង និងត្រូវរៀបចំផ្ទះខ្លួនឯងឱ្យបានស្អាត ពីព្រោះការយកសិទ្ធិអំណាចទៅហើយ ទាល់តែមានសមត្ថភាពក្នុងការប្រើប្រាស់ និងអនុវត្តឱ្យមានប្រសិទ្ធភាពទៀត ទើបទាក់ទាញអ្នកវិនិយោគបានច្រើន។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងស្ថាប័ននានា ពិសេសក្រសួងមហាផ្ទៃពង្រឹងនូវការផ្ទេរអំណាចពីថ្នាក់ជាតិទៅក្រោមជាតិ ឬវិមជ្ឈការអំណាចដើម្បីធ្វើឲ្យសេវាសាធារណៈកាន់តែកៀកជាមួយនឹងប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ រដ្ឋាភិបាលអាណត្តិទី៧ នឹងពង្រឹងវិមជ្ឈការដែលផ្ដោតទៅលើសេវាមូលដ្ឋានទៅដល់ប្រជាពលរដ្ឋ អប់រំ សុខាភិបាល កសិកម្ម ដូច្នេះដើម្បីពង្រឹងនូវសេវាទាំងអស់នេះគឺចាំបាច់ណាស់ក្នុងការផ្ទេរនៅអំណាចពីថ្នាក់ជាតិទៅកាន់ថ្នាក់ក្រោមជាតិឲ្យបានឆាប់និងមានប្រសិទ្ធភាព។

សម្ដេចថា៖ «មូលដ្ឋានគឺជាអ្នកដែលដឹងច្បាស់ពីរបញ្ហាដែលកើតឡើងនៅមូលដ្ឋាន»។

ជាមួយគ្នានេះសម្រេចធិបតីបានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំការអនុវត្តទៅលើប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រព័ន្ធរដ្ឋបាលបច្ចុប្បន្នគឺដើម្បីបម្រើទៅដល់ការធ្វើវិមជ្ឈការ មិនមែនឲ្យក្រសួងស្ថាប័នប្រើបច្ចេកវិទ្យាដើម្បីក្ដាប់អំណាចនោះទេ។

ទោះជាយ៉ាងណាសម្ដេចថាវិមជ្ឈការ មិនអាចកាត់ផ្ដាច់ពីថ្នាក់រដ្ឋទៅថ្នាក់មូលដ្ឋានភ្លាមៗទេ វាត្រូវការនីតិវិធី និងពេលវេលា។

បើតាមសម្ដេចធិបតី វិមជ្ឈការត្រូវការការប្រគល់សិទិ្ធ ផ្ដល់ថវិការ ពង្រឹងមន្ត្រី និងការទទួលខុសត្រូវ៕

ដោយ ៖ សហការី


ចែករំលែក៖