ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិនឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅ វិមានឯករាជ្យ និងនៅសួនចន្ទឆាយ៉ា មុខព្រះ បរមរាជវាំង នាថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទដូចតទៅ៖
– ចំពោះយានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសចរាចរចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ ១៧៨ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្ដេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្តេចសង្ឃជួនណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ ចាប់ពី ថ្ងៃទី០៨ ទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ការប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះ ត្រូវបានបញ្ចប់តាមកាលបរិច្ឆេទខាងលើ។
– ចំពោះសាឡង់ដឹកខ្សាច់ ទូក និងកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលឆ្លងកាត់មុខ ព្រះបរមរាជវាំង ត្រូវផ្អាកធ្វើចរាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី០៧, និងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សំរិត