ភ្នំពេញ ៖ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃច ន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា បើគ្មានមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងជាង៤០ឆ្នាំនេះទេ ក៏យើងពិបាកក្នុងការអនុវត្តបន្តដែរ ដោយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃគ្រប់ៗរូប នឹងដឹងគុណ និងចងចាំជានិច្ចនូវគុណូបការៈទាំងនេះ ជាពិសេសត្រូវតបស្នងសងគុណវិញតាមរយៈការតាំងចិត្តបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាពប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែយត បានគូសបញ្ជាក់ថា ៖ ខណៈដែលយើងកំពុងប្រារព្ធនូវសមិទ្ធផលដ៏ធំធេងនេះ យើង ក៏មិនអាចបំភ្លេចបាននូវស្នាដៃទាំងនេះដែលជាមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្រោមការផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោយមានការគាំទ្រពេញទំហឹងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃកម្ពុជា។
ទន្ទឹមនឹងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា មិនត្រឹមតែសំណង់ទេ ប៉ុន្តែសមិទ្ធផលជាច្រើននៅក្នុងវិស័យសន្តិសុខជាតិ ក៏ដូចជាវិស័យសេវាសាធារណៈគ្រប់ជាន់ថ្នាក់ គឺយើងត្រូវតែបន្តថែរក្សាការពារ និងបន្តអនុវត្តន៍ការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ណែនាំ ដល់ អាជ្ញាធរ គ្រប់ រាជ ធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និង ទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំរហូតដល់ក្រុងតាខ្មៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា បញ្ហាដែលកើតឡើងនៅលើទឹកដីរបស់ខ្លួនគប្បីដោះស្រាយជូនពួកគាត់ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា កុំចាំបាច់ឲ្យពួកគាត់នាំគ្នាមកឈរកាន់រូបថតដល់ក្រុងតាខ្មៅ ដែលករណីនេះ គឺបាន កើតឡើងម្តងហើយម្តង ទៀតជាពិសេសគឺបញ្ហាដីធ្លីតែម្តង។
សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមទៀតថា «ត្រូវក្ដាប់ឱ្យជាប់នូវបញ្ហាប្រឈម ក្ដីកង្វល់ នានា របស់ពលរដ្ឋ ហើយខិតខំដោះស្រាយជូនពលរដ្ឋប្រកបដោយភាពម្ចាស់ការ ដោយ កុំចាំតែមាន បទបញ្ជាពីនាយករដ្ឋមន្ត្រី ឬរដ្ឋបាលថ្នាក់ជាតិ»។
នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្តីការក្រសួងមហាផ្ទៃថ្មីនេះដែរសម្តេច ធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែម ទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែ ប្រសិទ្ធភាព សំដៅ បង្កើន សិទ្ធិ អំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និង លើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេនាសាធារណៈជូនពលរដ្ឋ ហើយ ត្រូវ ពង្រឹង សមត្ថភាព មន្រ្តីវាល្អជាជាងការពង្រីក៕
ដោយ ៖ សហការី