ភ្នំពេញ៖ បើមិនមានមូលដ្ឋានគ្រឹះរឹងមាំ ដែលកសាងបានក្នុងរយៈពេលជាង ៤០ ឆ្នាំរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកន្លងមក គឺរាជរដ្ឋាភិបាលអាណត្តិទី ៧ ក៏នឹងលំបាកក្នុងការបន្ត និងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិ និងបម្រើប្រជាជននោះដែរ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៦ វិច្ឆិកា ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖
រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាដំណាក់កាលពង្រឹង ជាជាងការពង្រីក ដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ ៥ចំនុច និងគោលនយោបាយអាទិភាពទាំង ៦ ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើ ត្រូវតែបន្ត ហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើដល់ប្រជាជនបានលឿន និងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀត តាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។ ជាមួយគ្នានេះ, មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងនោះជាសក្ខីភាពស្រាប់ បញ្ហាកូវីដ-១៩ គឺបានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពក្នុងការធ្វើប្រតិភូកម្ម ដោយបានផ្ទេរការដឹកនាំ ការទទួលខុសត្រូវ និងម្ចាស់ការលើការងារ ដែលអាចសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងពេលអនុវត្ត ។
អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវការជួយលើការងារចំនួន ៣៖ ១. ការប្រគល់សិទ្ធិ, ២. ការផ្តល់លទ្ធភាព និង ៣.ការជួយគាំទ្រ ការពង្រឹងមន្ត្រី និងពង្រឹងស្ថាប័ន។ ជាមួយនេះ សម្តេចធិបតី បានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត៖
១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ,
២. ពង្រឹងការត្រួតពិនិត្យ ការតាមដាន និងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព,
៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព,
៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន និង
៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ។
ក្រៅពីការអនុវត្តវិធានគន្លឹះ និងវិធានការដទៃទៀត ដែលត្រូវបានដាក់ចេញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ស្របតាមការលើកឡើងពីខាងដើម សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវអនុសាសន៍ ៦ ចំណុច សម្រាប់ក្រសួងមហាផ្ទៃអនុវត្ត ដូចតទៅ៖
ទី១. ក្រសួងមហាផ្ទៃត្រូវពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ជាពិសេស មន្រ្តីណាដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ, ក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ព្រមទាំងមានសមត្ថភាព ស័ក្តិសមជាទីពឹងពាក់របស់ប្រជាពលរដ្ឋ ។
ទី២. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេស ត្រូវពង្រឹងនូវយន្តការសវនកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ និងបង្រ្កាបការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមានឱ្យបានតឹងរ៉ឹង ប្រសិនមានករណីនេះកើតឡើង ។
ទី៣. ក្រសួងមហាផ្ទៃត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថា គ្មាននីតិវិធីមួយណា ដែលបង្កការលំបាកនិងដែលមិនចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ ។
ទី៤. ក្រសួងមហាផ្ទៃត្រូវពង្រឹងនូវយន្តការច្រកចេញ-ចូលតែមួយ ហើយត្រូវពន្លឿនការដាក់សេវាសាធារណៈទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា, ជាពិសេស ថ្នាល CamDX, ដោយត្រូវផ្តល់អាទិភាពដល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជា សេវាអត្រានុកូលដ្ឋាន, ការស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ជាដើម ។
ទី៥. ក្រសួងមហាផ្ទៃត្រូវធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការវិភាជធនធាន ទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថា ថ្នាក់ក្រោមជាតិអាចបំពេញមុខងារ និងភារកិច្ចដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ ។
ទី៦.ក្រសួងមហាផ្ទៃត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃរាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្ត ដើម្បីពង្រឹងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្តែង និងដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព, ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់ ៕
ដោយ៖ស តារា