ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មផលិតដោយខ្លួនឯងជាលើកដំបូងរបស់ខ្លួននៅចុងខែនេះ

ចែករំលែក៖

កូរ៉េខាងត្បូង នៅថ្ងៃទី៦ ខែវិច្ឆិកា បានប្រកាសថា គ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្ម ផលិតក្នុងស្រុកដំបូងរបស់ខ្លួននៅចុងខែនេះ។
លោក Jeon Ha Gyu អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់សារព័ត៌មានកាលពីថ្ងៃទី៦ ខែវិច្ឆិកា ថា ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ប្រទេសនេះ នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៣០ ខែវិច្ឆិកា។
ផ្កាយរណបនេះនឹងត្រូវបាញ់បង្ហោះទៅកាន់ទីអវកាសដោយរ៉ុក្កែត Falcon 9 របស់ SpaceX ។ ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន SpaceX កូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ចំនួនបួនបន្ថែមទៀតនៅឆ្នាំ 2025 ។
បច្ចុប្បន្នកូរ៉េខាងត្បូងមិនមានផ្កាយរណបឈ្លបយកការណ៍យោធាផ្ទាល់ខ្លួនទេ ហើយត្រូវតែពឹងផ្អែកលើផ្កាយរណបឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ដើម្បីតាមដានចលនារបស់កូរ៉េខាងជើង។
ការមានផ្កាយរណបចារកម្មផ្ទាល់ខ្លួននឹងផ្តល់ឱ្យកូរ៉េខាងត្បូងនូវប្រព័ន្ធឃ្លាំមើលលំហអាកាសឯករាជ្យមួយក្នុងការត្រួតពិនិត្យកូរ៉េខាងជើងក្នុងពេលជាក់ស្តែង។ យោងតាមលោក Lee Choon Geun អ្នកស្រាវជ្រាវនៅវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េ នៅពេលដែលដំណើរការជាមួយប្រព័ន្ធ “three-axis system,””អ័ក្សបី” រួមទាំងការវាយប្រហារទុកជាមុន ការការពារមីស៊ីល និងការសងសឹក សមត្ថភាពការពារជាតិរបស់ប្រទេសកូរ៉េទាំងមូលនឹងត្រូវបានពង្រឹងយ៉ាងខ្លាំង។
អ្នកជំនាញរូបនេះបានបន្ថែមថា ផ្កាយរណបចារកម្មរបស់អាមេរិកផលិតរូបភាពដែលមានគុណភាពបង្ហាញខ្ពស់ ប៉ុន្តែត្រូវបានដំណើរការទៅតាមគោលដៅយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក មិនមែនរបស់កូរ៉េខាងត្បូងនោះទេ។ លើសពីនេះ ពេលខ្លះ សហរដ្ឋអាមេរិក មិនចែករំលែករូបភាពផ្កាយរណបដែលមានព័ត៌មានរសើបខ្លាំងជាមួយកូរ៉េខាងត្បូងទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ AP


ចែករំលែក៖