ភ្នំពេញ៖ កម្រៃសេវាផ្លូវល្បឿនលឿននឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំសម្រាប់អ្នកប្រើប្រាស់គន្លង ETC និង គន្លង ANPR ហើយបន្តរក្សាតម្លៃដដែលរយៈពេល៦ខែសម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ(MTC)។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនថ្មី និងដំបូងបំផុតក្នុងប្រវត្តិសាស្រ្តកម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត ក្រុងព្រះសីហនុ ជាមួយនិងប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២កន្លងទៅ។នេះបើតាមលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងសុន្ទរកថា នៅក្នុងកម្មវិធីអបអរសាទរ ខួប១ ឆ្នាំនៃការបើប្រាស់ផ្លូវល្បឿនលឿន នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្រ្តី ស៊ុនចាន់ថុល ថ្លែងទៀតថា ក្រុមហ៊ុន បានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរយៈពេលពេញ១ខែដំបូង ពីថ្ងៃទី១ តុលា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២២ និងបន្ទាប់មកបានបញ្ចុះតម្លៃសេវាចំនួន ២០% ពេញ១ឆ្នាំ ដោយគិតពីថ្ងៃទី១ វិច្ឆិកា ២០២២ រហូតត្រឹមថ្ងៃទី៣១ តុលា ២០២៣កន្លងទៅនេះ។
លោកឧបនាយករដ្ឋមន្រ្តីថ្លែងទៀតថា ដើម្បីជាការអបអរ សាទរគម្រប់ខួប១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការ សម្រប សម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង សាធារណការ និងដឹកជញ្ជូន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ ២០%) ក្នុងរយៈពេលពេញ ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។
អត្ថប្រយោន៍នៃគន្លង ANPR គឺជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ ដោយអ្នកប្រើប្រាស់ផ្លូវគ្រាន់តែបញ្ចូលសមតុល្យក្នុងផ្លាកលេខជាមុនតាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) និងចេញ-ចូលគន្លងដែលមានសញ្ញា ANPR ជាការស្រេច។
ចំពោះគន្លង ETC គឺជាច្រកអាទិភាពក្នុងការចេញចូលមួយជម្រើសទៀត ដែលតម្រូវឱ្យអ្នកប្រើប្រាស់គន្លងនេះតភ្ជាប់ដុំ OBU និងបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។
សូមជម្រាបជូនថា រយៈពេល១២ខែកន្លងមកនេះ មាន យានយន្តប្រមាណ៤ ៦៧៩ពាន់គ្រឿងបានធ្វើដំណើរ លើផ្លូវល្បឿនលឿនថ្មីនេះ ដោយទទួលបាននូវបទ ពិសោធន៍នៃការធ្វើដំណើរថ្មី ដែលចំណេញពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរផងដែរ៕
ដោយ៖ សូរិយា