ភ្នំពេញ៖ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុន ចំនួន ២៥នាក់ និងវត្ថុតាងចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះពិសេស ព្រមទាំងមានកងកម្លាំងមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស។
ជនសង្ស័យទាំងនេះ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន។
គួរបញ្ជាក់ថា សមត្ថកិច្ចកម្ពុជា ក៏បានអំពាវនាវ ដាស់តឿន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ ចៀសវៀងនាំឲ្យទៅតាំងរបស់ខ្លួន ត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ប្រពឹត្តបទល្មើសផងដែរ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ បានអញ្ជើញចូលរួមពិនិត្យមើលការបណ្ដេញជនជាតិជប៉ុន ២៥ នាក់ ចេញពីកម្ពុជា ក្រោយយកទឹកដីកម្ពុជាប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធើណេត។ ជនជាតិជប៉ុនទាំងនោះ ត្រូវបានបញ្ជូនចេញតាមជើងហោះហើរ Malaysia Arilines នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី០៨ វិច្ឆិកានេះផងដែរ៕
ដោយ៖ សហការី