ភ្នំពេញ៖ រសៀលថ្ងៃទី១១ខែវិច្ឆិកា២០២៣នេះ កម្លាំងកងយោធពលខេមរភូមិន្ទ នៅ បានបញ្ចូលកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសរុបទាំងអស់ចំនួន ៩២នាក់ រួមនឹងសម្ភារៈ បរិក្ខាយោធាមួយចំនួនទៀត បញ្ចូលទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ «សន្តិភាព មិត្តភាព ២០២៣» អាមែនយូយី ២០២៣ “AMAN YOUYI 2023” ។
សូមបញ្ជាក់ថា , បើតាមប្រសាសន៍ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានប្រាប់ឱ្យដឹងថា សមយុទ្ធរួមគ្នានេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ» ដែលមានរយៈពេល ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសចិន។
ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បន្តថា, លើសពីនេះ នៅថ្ងៃបិទបញ្ចប់សមយុទ្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិធីនោះផងដែរ។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា ប្រធានក្រុមដឹកនាំកងកម្លាំងចូលរួម «សមយុទ្ធ សន្តិភាព ឆ្នាំ២០២៣» បានឱ្យដឹងដែរថា ពេលបានចូលរួមក្នុងសមយុទ្ធនៅប្រទេសចិននាពេលនេះ គឺមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានមិត្តចិនអញ្ជើញឱ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមគ្នាដ៏មានសារៈសំខាន់។ ជាមួយគ្នានេះ កងកម្លាំងចូលរួមធ្វើសមយុទ្ធបានប្តេជ្ញាថា នឹងយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើ ពីបណ្ដាប្រទេសដែលចូលរួម។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងចូលរួមធ្វើសមយុទ្ធខាងលើ នាថ្ងៃទី១០ខែ វិច្ឆិកាម្សិលមិញ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានរំលឹកដល់នាយទាហានដែលទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍នេះ ត្រូវចូលរួមគោរពដាច់ខាត នៅរាល់បទបញ្ជា និងការចាត់តាំងនានា របស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃសមយុទ្ធរបស់ប្រទេសម្ចាស់ផ្ទះ ហើយក៏រក្សាឱ្យបាននៅតម្លៃ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិ សម្រាប់ជាតិយើងផងដែរ។
សូមបញ្ជាក់ថា : កន្លងទៅ កងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមាន លក្ខណៈ ទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្រឆាំងភេរវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បីសន្តិសុខក្នុងតំបន់។
ជាក់ស្ដែងឆ្នាំ២០២៣ កងទ័ពទាំងពីរបានបញ្ចប់សមយុទ្ធរួមគ្នា គឺសមយុទ្ធនាគមាស ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ឆ្លងតាមរយៈនៃការធ្វើសមយុទ្ធនាគមាស ២០២៣នេះដែរ កងទ័ពប្រទេសទាំងពីរ បានឯកភាពគ្នារៀបចាំធ្វើសមយុទ្ធថ្មីមួយទៀត នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣នេះ ឈ្មោះថា «លំហាត់សមយុទ្ធការងារមនុស្សធម៌ ផ្នែកសុខាភិបាលយោធារួមគ្នាទេវតាសន្តិភាព ឆ្នាំ២០២៣ កម្ពុជា-ចិន»៕
ដោយ ៖ សហការី