ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញ ក.ប.ប. បន្តដកហូតទំនិញខូចគុណភាពដែលបានដាក់លក់នៅលើទីផ្សារប្រមាណជិត ១០០គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ ទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាមបន្ថែមទៀត​ ត្រូវ​បានមន្រ្តីជំនាញ​ ក.ប.ប. បន្តចុះបង្រ្កាប​ និងដកហូតទំនិញទាំងនោះដែលបានដាក់លក់នៅលើទីផ្សារ។ 

ប្រភពដដែលបន្តថា​ ដោយមានការចង្អុលបង្ហាញពីលោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យមន្រ្តីជំនាញនៅតាមបណ្ដាសាខារាជធានី ខេត្តយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ តួយ៉ាងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប​ កាលពីថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ បានខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។ 

មន្រ្តី​ជំនាញ​ បានគូសបញ្ជាក់ថា​ ទំនិញដែលចរាចរពុំត្រឹមត្រូវនិងមានហានិភ័យទាំងនោះគឺផ្ដើមចេញពីឈ្មួញដែលប្រកបរបរមិនសុចរិត ពោលគឺព្យាយាមគេចវេសគ្រប់រូបភាពដែលអាចធ្វើបានដោយពុំគិតពីសុខភាពអ្នកប្រើប្រាស់នោះឡើយ។

តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានដកហូតទំនិញដែលមានហានិភ័យចំនួន ៨៦.៤៧គីឡូក្រាម និងពិន័យទៅតាមនីតិវិធីដែលមានចែងជាធរមាន។ អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ដំណឹងមកអគ្គនាយកដ្ឋាននៅពេលណាដែលឃើញ និងដឹងថាមានករណីចរាចរលក់ទំនិញដែលពុំមានអនុលោមភាព និងមានហានិភ័យខ្ពស់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋ៕

ដោយ​៖ សហការី​


ចែករំលែក៖