ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងហេដ្ឋារចនាតភ្ជាប់គឺជារឿងសំខាន់ណាស់ ដូច្នេះហើយទើបផ្លូវបានក្លាយជាអាទិភាពគន្លឹះមួយនៅក្នុងគោលនយោបាយដឹកនាំជាតិរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា ៖ ការកសាងហេដ្ឋារចនាតភ្ជាប់គឺជារឿងសំខាន់ណាស់ ដូច្នេះហើយទើបផ្លូវបានក្លាយជាអាទិភាពគន្លឹះមួយនៅក្នុងគោលនយោបាយដឹកនាំជាតិរបស់រាជរដ្ឋាភិបាល ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ អនាគតតំបន់កោះនរាគ្រោងនឹងសង់អគារដែលខ្ពស់ជាងគេបំផុតនៅកម្ពុជា មានកម្ពស់៥៥៥ម៉ែត្រ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការកសាងស្ពានកោះនរា គឺជាការស្តារឡើងវិញនូវអ្វីដែលបានបាត់ទៅហើយ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការអភិវឌ្ឍដែលមានន័យបំផុត គឺផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋទូទៅ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ៖ ការតភ្ជាប់ស្ពានសំខាន់ៗក្នុងក្រុងភ្នំពេញបានជួយឱ្យមានកំណើនសេដ្ឋកិច្ចលឿន ជាពិសេសតំបន់ខាងកើត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋគឺយើងបានគិតគូរជានិច្ច ទោះបីមិនបានចេញអន្តរាគមន៍ដោយផ្ទាល់ក្តី ។ 

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា វិស័យសំណង់ ទេសចរណ៍ ធនាគារ និងវិស័យផ្សេងៗទៀត រាជរដ្ឋាភិបាលបានដាក់ចេញវិធានជាច្រើនដើម្បីគាំទ្រ ជាពិសេសការសម្រួលផ្នែកពន្ធ ។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ដើម្បីថែរក្សាផ្លៃផ្កានៃកិច្ចអភិវឌ្ឍន៍បាន គឺត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» ៕ 

ដោយ ៖ សហការី


ចែករំលែក៖